ភ្នំពេញ ៖ អ្នករស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ អាចនឹងត្រូវប្រឈមការផាកពិន័យ ការប្ដឹងទៅតុលាការ និងផ្អាកអាជីវកម្ម បណ្ដោះអាសន្នជាដើម ប្រសិនបើមិនញែកវេចខ្ចប់ទុកដាក់ និងបញ្ចេញសំរាមសំណល់រឹងទៅតាមប្រភេទសំរាម។ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ។
យោងតាមសេចក្តីណែនាំ របស់សាលារាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីដើមខែរហូតដល់ចុងខែ ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាសំអាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ។
ដើម្បីឱ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង ដូចខាងក្រោម៖ សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រិតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។ ត្រូវញែកសំរាម សំណល់រឹង ជា០២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយ ឡែកពីគ្នា៖ – សំរាមសើម៖ សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ នៅក្នុងថង់ពណ៌ខ្មៅ – សំរាមស្ងួត៖ ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដប…ត្រូវដាក់ក្នុង ថង់ពណ៌ស។ ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំ ជាមួយនឹងសំរាមសើម និងសំរាមស្ងួត។
នៅក្នុងសេចក្តីណែនាំ នោះបន្តថា ៖ កម្មវិធីបញ្ចេញសំរាម សំណល់រឹង៖ សំរាមសើម ខណ្ឌកណ្តាលរាជធានី ចំនួន០៥ រួមមាន៖ ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោកនិងខណ្ឌបឹងកេងកង៖ ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ ចាប់ពីម៉ោង ៩ ដល់ម៉ោង ៥ ទៀបភ្លឺ ដូច្នេះ ម៉ោងបញ្ចេញសំរាមមាន៣ម៉ោង គឺ៦-៩យប់។ បញ្ចេញសំរាមខុសពីម៉ោងនេះ នឹងទទួលការផាកពិន័យ។ ខណ្ឌជាយរាជធានី ចំនួន០៩ រួមមាន៖ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ក្រុមហ៊ុននឹង ប្រមូល និងដឹកជញ្ជូន ដូចខាងក្រោម៖ ផ្លូវជាតិ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ វេលាម៉ោង ៩យប់ ដូច្នេះ ការបញ្ចេញ សំរាមត្រូវចាប់ផ្តើមចន្លោះពីម៉ោង៦យប់ រហូតដល់ម៉ោង ៩យប់ ផ្លូវធំ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ (ពេលថ្ងៃ វេលាម៉ោង ៨ព្រឹក ឬ ពេលយប់ វេលា ម៉ោង ៩) ផ្លូវរណប៖ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ ០២ថ្ងៃ/១ម្ដង (ពេលថ្ងៃ វេលាម៉ោង ៨ព្រឹក ឬ ពេលយប់ វេលាម៉ោង ៩) បញ្ជាក់៖ ម៉ោងពេលបញ្ចេញសំរាម សំណល់រឹង នឹងត្រូវកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលតាមការជាក់ស្តែង។ សំរាម សំណល់រឹងស្ងួត៖ ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ចូន ២ដង/១សបា្តហ៍ គឺនៅ រៀងរាល់ថ្ងៃចន្ទ និងថ្ងៃសុក្រ៕ដោយ តារា