កំពង់ស្ពឺ៖ មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តកំពង់ស្ពឺ សហការជាមួយមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈមួយចំនួនដែលបាននិងកំពុងបើកអាជីវកម្មនៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តដើម្បីពិនិត្យពីសុច្ចរិតភាព និងការអនុវត្តអនុលោមភាពក្នុងអាជីវកម្ម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
លោក ចាន់ សារ៉ាវុធ ប្រធានសាខា(កបប)ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងប្រតិបត្តិការត្រួតពិនិត្យនោះ មន្ត្រីជំនាញបានត្រួតពិនិត្យលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន៧ទីតាំងក្នុងក្រុងច្បារមន និងស្រុកសំរោងទង។ ក្នុងចំណោមទីតាំងទាំង៧នោះ មន្ត្រីជំនាញបានរកឃើញម្ចាស់ទីតាំងចំនួន៥បានរកស៊ីប្រគួតប្រជែងមិនសុច្ចរិតកេងប្រវ័ញ្ចបរិមាណលីត្រ និងបច្ចេកទេសគុណភាពប្រេងមិនអនុលោមលើផ្នែកគុណភាព និងរង្វាសរង្វាល់។
លោកប្រធានសាខា(កបប)ក៏បានបញ្ជាក់ផងដែរថា ចំពោះស្ថានីយ និងដេប៉ូប្រេងដែលមិនអនុលោមភាពទាំង៥ខាងលើមន្ត្រីបានធ្វើការណែនាំ និងផាកពិន័យតាមច្បាប់ដើម្បីប្រមូលថវិកាចូលកញ្ចប់ថវិកាជាតិ។ ក្នុងករណីមិនអនុវត្តតាមការផាកពិន័យនេះទេ មន្ត្រីជំនាញនឹងធ្វើការបិទអាជីវកម្មទាំងស្រុងហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ តារា