កំពង់ធំ៖ អាជ្ញាធរខេ្តកំពង់ធំបានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំដែលរស់នៅក្រុងស្រុកទាំង៩ក្នុងខេត្តកំពង់ធំនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១។
លោក សុខ លូ អភិបាលកំពង់ធំ បានឲ្យដឹងថាការច៉ាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ គឺធ្វើឡើងនៅទូទាំង៩ក្រុងស្រុកក្នុងខេត្តដោយបែងចែកទៅតាមអង្គភាពនិងក្រុងស្រុក។ ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងគណៈកម្មការចាក់វ៉ាក់សាំងបានសម្រេចផ្តល់វ៉ាក់សាំងការពារកូវីដ១៩ជាបន្តបន្ទាប់ សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋនិងកុមារ។
លោកអភិបាលខេត្តបានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុសូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នានិងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសអនុវត្តវិធានការ ៣កុំ៣ការពារឱ្យបានត្រឹមត្រូវ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស មានអាកុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍របស់យើង។
លោក សុខ លូ ក៏បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។
ជាមួយគ្នានោះដែរអាណាព្យាបាល មាតាបិតានិងកុមារមានភាពសប្បាយរីករាយយ៉ាងខ្លាំងដោយទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយបានថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពរដ្ឋជាពិសេស គឺកុមារបានចូលសិក្សារៀនសូត្រឡើងវិញហើយប្រជាពលរដ្ឋនិងបានប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន៕