បាត់ដំបង៖ ផ្សារសហគមន៍ស្តុកប្រវឹក ស្ថិតក្នុងឃុំស្តុកប្រវឹង ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានផ្ទុះឆ្លងជំងឺកូវីដ១៩ ដោយមិនទាន់ដឹងមូលហេតុ ដែលមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរស្រុករុក្ខគិរី កំពុងយកសំណាកលើអ្នកពាក់ព័ន្ធ និងបានរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ។
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ អភិបាលស្រុករុក្ខគីរី លោកស្រី ប៊ិន ប៉ូឡែន បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១៦ ខែសីហា ក្រុមការងារបានយកសំណាកលើអ្នកពាក់ព័ន្ធបានចំនួន ៤៣០នាក់ រកឃើញចំនួន៣៣នាក់ មានឆ្លងជំងឺកូវីដ១៩ ។
លោកស្រីអភិបាលស្រុករុក្ខគិរី បញ្ជាក់ទៀតថា ក្រោយពីផ្ទុះជំងឺកូវីដ១៩នេះ អាជ្ញាធរបានសម្រចបិទខ្ទប់ ភ្លាមៗទីតាំងផ្សារសហគមន៍ស្តុកប្រវឹកនេះទាំងមូល ចំណែកប្រជាពលរដ្ឋពាក់ព័ន្ធ ដែលសុទ្ធសឹងរស់នៅជុំវិញផ្សារ ត្រូវបិទខ្ទប់តាមខ្នងផ្ទះ មិនអនុញ្ញាតិអោយចេញក្រៅដែរ ។
លោកស្រីអភិបាលស្រុករុក្ខគីរី បានឱ្យដឹងថា អ្នកមានវិជ្ជមានកូវីដ១៩ ទាំង៣៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលស្រុកមោងឫស្សី ។
លោកស្រី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ ចេញចូលផ្សារស្តុកប្រវឹកនេះ សូមប្រញ៉ាប់ប្រញ៉ាល់មកយកសំណាកបន្ថែមទៀត ដើម្បីកុំឱ្យឆ្លងជំងឺគូវីដ១៩ រីករាលដាលចូលសហគមន៍កាន់តែច្រើន ៕