ផ្អើលទាំងកណ្តាលយប់!!លោក VJ តា ប៊ុយ ពិធីករដ៏ល្បីមួយរូប សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង បុករថយន្ត toyota prius ពីក្រោយរួចបើករត់

148

 

ភ្នំពេញ: មានហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីលោកVJ តា ប៊ុយ ពិធីករដ៍ល្បីនៅក្នុងស្ថានីយទូរទស្សន៍មួយកន្លែង បានបើករថយន្តស៊េរីទំនើបម៉ាកRange Rover ១គ្រឿងបុករថយន្តtoyota prius ពីក្រោយ ខណៈកំពុងឈប់ភ្លើងស្តុប បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ បន្ទាប់មកបានរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុច មុខអតីតទូរទស្សន៍ប៉ុស្តិ៍លេខ៣ ទើបភាគីរថយន្តរងគ្រោះដេញកាក់ជាប់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមានមនុស្សប្រុសស្រី ៣ ទៅ ៤ នាក់បើករថយន្ត toyota prius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AH-7048 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមន្នីវង្ស ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់រង់ចាំភ្លើងស្តុប ខណៈនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌សពាក់ស្លាកលេខភ្នំពេញ2BK-8809បើកបរដោយលោកVJ តា ប៊ុយពិធីករដ៏ល្បីឈ្មោះមួយរូប ធ្វើដំណើរមកពីក្រោយបុករថយន្តtoyota prius ពីក្រោយពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ភ្លាមនោះរថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ រហូតដល់ចំណុចមុខអតីតទូរទស្សន៍លេខ៣ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ត្រូវបានជនរងគ្រោះបើករថយន្តដេញឃាត់ជាប់។

ក្រោយកើតហេតុគេឃើញលោកVJ តា ប៊ុយដើរទ្រេតទ្រោតសង្ស័យស្រវឹងស្រាខ្លាំង ត្រូវបានបុរស៣ នាក់ទៀត គ្រាទៅដាក់ក្នុងរថយន្តមួយគ្រឿងទៀត ដោយប្រាប់ថាបញ្ជូនទៅប៉ុស្តិ៍នគរបាល ចំណែករថយន្តទាំង ពីរ គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្ត៕ដោយ កុសល់