ភ្នំពេញ: ប្តីប្រពន្ធពីរនាក់ជិះម៉ូតូនិចមួយគ្រឿងចេញពីកន្លែងធ្វើការ ត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូ ពីរគ្រឿងបានធ្វើសកម្មភាពធាក់ផ្ដួល រួចវាយហើយប្លន់យកម៉ូតូបានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០រំលងអាអាធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវបេតុងភូមិចាក់ជ្រូកសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះប្ដី មានឈ្មោះស៊ានតុលា ភេទប្រុសអាយុ ២៨ ឆ្នាំ មុខរបរធ្វើចុងភៅ ស្នាក់នៅម្ដុំក្បែរផ្សារព្រៃទា មានស្រុកកំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ចំណែកប្រពន្ធ មានឈ្មោះស្រីអូន ភេទស្រីអាយុ៣០ឆ្នាំ មុខរបរមេការនៅហាងមួយកន្លែង ស្នាក់នៅជាមួយគ្នា។
តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូ suzuki និចមួយគ្រឿងពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ1TZ-9210 ចេញពីកន្លែងធ្វើការគោបំណងមកកន្លែងស្នាក់នៅ ដោយធ្វើដំណើរទៅដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៍ស្រាប់តែលេចមុខជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២ គ្រឿងម៉ាក pcx មួយគ្រឿង និងម៉ាកនិចមួយគ្រឿងដោយមិនចាំស្លាកលេខ រួចជិះតាមពួកគេពីក្រោយ ហើយបានធ្វើសកម្មភាពធាក់ពួកគេឲ្យដួលរួចយកមួកសវត្តិភាពវាយទៅលើពួកគេបន្ថែមទៀតបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសស្រាល ។ភ្លាមនោះជនសង្ស័យក៏បាននាំគ្នាលើកយកម៉ូតូ រួចជិះគេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ច។ ជនងគ្រោះបានបញ្ជាក់ថា ជនសង្ស័យមួយក្រុមនោះត្រូវរូបគេស្គាល់មុខទាំងអស់។
ក្រោយកើតហេតុជនរងគ្រោះប្ដីប្រពន្ធពីរនាក់បាននាំគ្នាដើររហូតមកដល់ផ្សារព្រៃទា រួចបានទំនាក់ទំនងហៅសាច់ញាតិមកយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ កុសល់