អាជីវករផ្សារបឹងឈូក រាប់រយនាក់ ប្រមូលផ្តុំគ្នា មុខសាលាខេត្ត សុំបន្តលក់ដូរនៅកន្លែងដដែល

113

 

បាត់ដំបង: ក្រុមអាជីវករផ្សារបឹងឈូក បានប្រមូលផ្តុំគ្នាប្រមាណរាប់រយនាក់នៅមុខសាលាខេត្តក្នុងគោលបំណងស្នើឲ្យមានការអន្តរាគមន៍ពីអភិបាលខេត្ត ដោយសុំបន្តលក់ដូរនៅកន្លែងចាស់ ប៉ុន្តែមិនប្តូរទៅទីតាំងថ្មីឡើយ។

លោក អ៊ឹម សុវុទ្ធី ជាអាជីវករលក់បបរ គុយទាវ បានប្រាប់ឲ្យដឹងថាការប្រមូលផ្តុំគ្នារបស់ក្រុមអាជីវករនេះបានចាប់ផ្តើមនៅរសៀលថ្ងៃទី ២២ ខែវិច្ឆកា ឆ្នាំ ២០២១ ក្នុងគោលបំណងស្នើឲ្យឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងជួយអន្តរាគមន៍ដល់ពួកគាត់ដើម្បីបានលក់ដូរម្ហូបអាហារ បន្លែផ្លែឈើ ត្រីសាច់ នៅជុំវិញបរិវេណផ្សារបឹងឈូកដដែល ដោយមិនប្តូរទៅទីតាំងថ្មីនៅជាប់ចំណតរថយន្តបឹងឈូកក្នុងចម្ងាយ ២០០-៣០០ម៉ែត្រពីគ្នា។

អាជីវករខាងលើបន្តថា ការលក់ដូរជាច្រើនឆ្នាំរបស់ពួកគាត់នៅលើទីតាំងចាស់ជុំវិញបរិវេណផ្សារសរុបប្រមាណជាង ៦០០នាក់ មានកន្លែងលក់ទំហំធំសមរម្យ ខ្លះជាងមួយម៉ែត្រ និងខ្លះទៀតជាងពីរម៉ែត្រ ហើយលក់ដាច់ជាហូរហែ ផ្ទុយទៅវិញចំពោះទីតាំងថ្មី គេកំណត់បែងចែកជា ៣ទីតាំងឲ្យអាជីវករលក់ដូរ រីឯកន្លែងលក់វិញតូចចង្អៀតរកតែដាក់តាំងបន្លែ ផ្លែឈើ ត្រី សាច់មិនគ្រាន់ឡើយ ជាងនេះទៀតគឺកន្លែងថ្មីលក់មិនសូវដាច់ លក់បានលុយត្រឹមតែ ១០០០០ – ២០០០០រៀលប៉ុណ្ណោះក្នុងមួយព្រឹកៗ មិនអាចចិញ្ចឹមជីវិតបានឡើយ។

ចំណែកអ្នកលក់ប្រហុក ផ្អក លោក ខៀវ សារិត បានបញ្ជាក់ដែរថា ថ្មីៗនេះម្ចាស់ភាស៊ីផ្សារបឹងឈូកបានដើរប្រាប់ពួកគ្រប់គ្នាថាម្ចាស់ក្រុមហ៊ុនផ្សារសុំដកហូតកន្លែងដែលអាជីវករកំពុងលក់នេះដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ដូច្នេះចាំបាច់តម្រូវឲ្យបងប្អូនអ្នកលក់ទាំងអស់ទៅលក់នៅកន្លែងកំណត់ថ្មីវិញ ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆកាខាងមុខនេះតទៅ។ រូបលោកក៏ដូចជាអាជីវករជាង ៦០០នាក់ទទួចស្នើសុំ ឯកឧត្តម សុខ លូ អភិបាលខេត្តជួយសម្រួលដល់ប្រជាពលរដ្ឋផង។

ជុំវិញបញ្ហានេះមន្ត្រីរដ្ឋបាលខេត្តបាត់ដំបងបានចាត់ឲ្យអាជីវករចំនួន ៥នាក់ដើម្បីឡើងជួបអភិបាលរងខេត្តទទួលបន្ទុក ប៉ុន្តែក្រុមអាជីវករមិនព្រមឡើងទៅជួបឡើយ ព្រោះចង់ជួបជាមួយឯកឧត្តម សុខ លូ ផ្ទាល់មាត់។ ដោយសារឯកឧត្តមអភិបាលខេត្តជាប់រវល់ការងារពួកគាត់សុខចិត្តរំសាយសិន រងចាំជួបផ្ទាល់ជាមួយឯកឧត្តម សុខ លូ នៅថ្ងៃទី ២៣ ខែវិច្ឆកា ឆ្នាំ ២០២១នេះ៕ដោយ ភ្នំខៀវ