ពិតជាថ្លើមធំម៉ែន!!! ធាក់ផ្តួលម៉ូតូ នៅមុខអធិការខណ្ឌពោធិសែនជ័យ សង្ស័យប្លន់យកម៉ូតូមិនបានសម្រេច បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់សមត្ថកិច្ចចាប់ជនសង្ស័យមិនបាន

109

 

ភ្នំពេញ: ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងដេញធាក់ផ្តួលម៉ូតូមួយគ្រឿងជិះដោយយុវជនម្នាក់សង្ស័យប្លន់យកម៉ូតូមិនបានសម្រេចបណ្ដាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង១១ និង២០ យប់ថ្ងៃទី ២១ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០២២ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1IY-5596ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៧ទៅ៨នាក់ជិះម៉ូតូចំនួន ៤ គ្រឿងមកពីក្រោយ បានមកធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះបណ្តាលដួលបោកទៅនឹងដ្នល់បណ្ដាលជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ចំណែកជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយកើតហេតុគេឃើញវត្តមានកម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុ រួចបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ រងរងចាំទុកប្រគល់ជូនសាច់ញាតិវិញ។
គួរបញ្ជាក់ផងដែរនូវទីតាំងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីចំណុចមុខព្រលាន រហូតដល់ចំណុចមុខផ្សារពោចិនតុង តែងតែមានជនសង្ស័យបានធ្វើសកម្មភាពកាប់ប្លន់យកស្លាកកលេខម៉ូតូ និងវាយជនរងគ្រោះឲ្យរងរបួសជាញឹកញាប់ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ ពេលធ្វើដំណើរឆ្លងកាត់នៅតំបន់នេះតែម្ដង។

ពលរដ្ឋស្នើដល់លោក ម៉ន វុទ្ធីអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាដាក់កម្លាំងល្បាតក្នុងមូលដ្ឋានងាយរងគ្រោះនេះផង ដើម្បីអនុវត្តតាមគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព៕ដោយ កុសល់