លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន

108

 

កោះកុង÷លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១
បានអញ្ជើញចូលរួមប្រជុំពិភាក្សាអំពីវឌ្ឍន ភាពនៃការដោះស្រាយបញ្ហាដីធ្លី ជូនប្រជា ពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិ បតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិ ការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ដោះ ស្រាយទំនាស់ដីធ្លី ។

ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលធ្វើការដោះស្រាយគោលនយោបាយជូនមាន ៣ប្រភេទគឺ៖
១. ប្រជាពលរដ្ឋ រស់នៅក្នុងទីតាំងវិនិ យោគក្រុមហ៊ុនយូញៀន មានចំនួន ២៤៧ គ្រួសារ ដែលរាជរដ្ឋាភិបាលដោះ ស្រាយគោលនយោបាយជូន ដីផ្ទះទំហំ ០,៥ហិកតា ដីចម្ការទំហំ ៣ហិកតា និងថវិកា ៩០០០$ (ប្រាំបួនពាន់ដុល្លារអាមេ រិក) ក្នុងមួយគ្រួសារ ។
២. ប្រជាពលរដ្ឋដែលខុសភូមិ ខុសឃុំ មានចំនួន ២៥៥គ្រួសារ រាជរដ្ឋាភិបាលដោះស្រាយគោលនយោបាយជូនដីចម្ការទំហំ ២ហិកតា ក្នុងមួយគ្រួសារ ។
៣. ប្រជាពលរដ្ឋស្នើសុំគោលបន្ថែម មានចំនួន ៨៣១គ្រួសារ រាជរដ្ឋាភិបាលដោះ ស្រាយគោលនយោបាយជូន ដីចម្ការទំហំ ១ហិកតាក្នុងមួយគ្រួសារ ។
ចំពោះប្រជាពលរដ្ឋស្នើសុំដីសម្បទានសង្គមកិច្ច រាជរដ្ឋាភិបាលនឹងធ្វើការដោះ ស្រាយតាមក្រោយ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ តុលា ឆ្នាំ ២០២១ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្ត បានរៀបចំពិធីឱ្យប្រជាពលរដ្ឋប្រភេទ២ (ប្រជាពលរដ្ឋខុសភូមិ ខុសឃុំ) ចាប់ឆ្នោតយកដីឡូត៍ ហើយមានប្រជាពលរដ្ឋចំនួន ១៧៧ គ្រួសារ ក្នុងចំណោម ២៥៥គ្រួសារ ក៏បានមកចាប់ឆ្នោតយកដីឡូត៍រួចហើយ ។

ជាមួយគ្នានេះ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្ត នឹងរៀបចំពិធីឱ្យប្រជាពលរដ្ឋប្រភេទទី៣ (អ្នកស្នើសុំគោលនយោបាយបន្ថែម) ចាប់ឆ្នោតយកដីឡូត៍ នៅថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២១ នេះបន្តទៀត៕ ដោយ សុគន្ធី