រដ្ឋបាលខេត្តព្រះសីហនុ ស៊ើបអង្កេតលម្អិតបំផុត ជុំវិញករណីថាកា ស៊ីណូ ដឹសេនជូរី បង្ខាំងបុគ្គលិកជាង ៤០០នាក់ និងចាត់ការតាមផ្លូវច្បាប់គ្មានលើកលែង

143

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលើកឡើងតាមបណ្តាញសង្គម ហ្វេសប៊ុក របស់បុគ្គលិកកាស៊ីណូម្នាក់ថា មានការបង្ខាំង និងបង្ខំបុគ្គលិកឱ្យធ្វើការដោយគ្មានការព្រមព្រៀង នៅក្នុងកាស៊ីណូ ដឺសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សេចក្តីប្រកាសចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានចុះហត្ថលេខាដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានខ្លឹមសារថា៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លងមក ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីបុគ្គលិកបម្រើការនៅកាស៊ីណូ ដឺសេនជូរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដីសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាលទ្ធផលគឺបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់។ ដោយពិនិត្យឃើញថាទីតាំងនោះ អាគារធំទូលាយ និងមានកន្លែងស្នាក់នៅសមរម្យ រដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេចលេខ២០៨ សសរ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១
សម្រេចដាក់កាស៊ីណូ ដ៏សែនជូរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឺសេនជូរី ជាកន្លែងធ្វើចត្តាឡីស័ក ជាកន្លែង
ព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាកន្លែងធ្វើចត្តាឡីស័ក។

ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានផ្តល់ជម្រើសសម្រាប់អ្នកជំងឺ ថាតើចង់ទៅព្យាបាលនៅមន្ទីរពេទ្យ ឬស្នាក់នៅព្យាបាលក្នុងទីតាំងខាងលើផងដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យក៏បានចុះទៅពិនិត្យសុខភាពអ្នកជំងឺទាំងអស់ ឃើញថាមិនមានបញ្ហាអ្វីនោះទេ និងបានផ្តល់ថ្នាំសម្រាប់រយៈពេល០៣ថ្ងៃ និងបានណែនាំបើមិនស្រួលខ្លួនសូមទាក់ទងគ្រូពេទ្យភ្លាម។

ដោយឡែកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោងប្រមាណ០៩ និង២១នាទី ក្រុមគ្រូពេទ្យបានទទួលដំណឹងថា ឈ្មោះ ហៀន ស្រីនិច ភេទស្រី អាយុ២៨ឆ្នាំ មានអាការៈក្អួត ពេទ្យក៏បានមកពិនិត្យ និងផ្ដល់ថ្នាំជូន ព្រមទាំងទំនាក់ទំនងសួរនាំ ដើម្បីតាម
ដានអាការៈជំងឺរបស់គាត់។ លុះដល់ម៉ោង០៦ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺមានអាការៈមិនធូរ
ស្រាល ក៏ត្រូវបានយកមកសង្គ្រោះមន្ទីរពេទ្យ ប៉ុន្តែបានជាងកន្លះម៉ោងក៏បានស្លាប់បាត់បង់ជីវិតតែម្តង។

រហូតមកដល់ម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃដដែល ក៏មានអាខោនហ្វេសប៊ុកឈ្មោះ
Doung Chan Sreypov បានធ្វើការ Live ផ្ទាល់ដោយមានគ្នាចំនួន០៥នាក់ បានចោទប្រកាន់មកលើអាជ្ញាធរខេត្តថា
ពួកខ្លួនបានធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ តែមិនត្រូវបានគេបញ្ជូនទៅព្យាបាលឡើយ ដែលផ្ទុយស្រឡះពីការពិតជាក់ស្តែង គឺពួកគាត់ទាំងអស់គ្នាត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរបស់យើង នៅទីតាំងអាគារធ្វើការរបស់គាត់ ដែលត្រូវបានរដ្ឋបាលខេត្តកំណត់ជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩។

រហូតមកដល់ម៉ោង០៤រសៀលថ្ងៃដដែល អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យរបស់យើង បានទៅអញ្ជើញពួកគាត់ដើម្បីយកទៅ
ព្យាបាលនៅមន្ទីរពេទ្យ តែពួកគាត់មិនចុះពីលើអាគារនោះទេ រហូតដល់ម៉ោង០៧ និង២៧នាទីយប់ទើបគាត់ចុះមកជួបក្រុមការងារ ហើយបានបដិសេធមិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺសុំស្នាក់នៅ និងព្យាបាលនៅទីតាំងកន្លែងធ្វើការរបស់គាត់ដដែល ហើយបានសន្យាថានឹងធ្វើការ Live ផ្ទាល់ ដើម្បីបកស្រាយអំពីការយល់ច្រឡំរបស់ពួកគាត់មកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើងវិញ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តនឹងធ្វើការស៊ើបអង្កេតឱ្យបានលម្អិតបំផុត ករណីរកឃើញមានប្រព្រឹត្តបទល្មើស នោះរដ្ឋបាលខេត្តនឹងចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ៕ដោយ វ៉ាន់ នី