ប្រជាពលរដ្ឋចំនួន ៣១គ្រួសារស្មើនឹង ៣២ខ្នងផ្ទះ ស្នើសុំ ការយោគយល់ពីរដ្ឋបាលក្រុង ព្រះសីហនុ ខណះដែលអាជ្ញាធរក្រុងជូនដំណឹង ឱ្យធ្វើការរុះរើចេញ ដោយទុករយៈពេលចំនួន ១៥ថ្ងៃ

113

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួន ៣១គ្រួសារស្មើនឹង ៣២ខ្នងផ្ទះ ដែលស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។បន្ទាប់ពីទទួលបានលិខិតសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះលេខ ៨៩១/២១សជណ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឱ្យធ្វើការរុះរើចេញ ដោយទុករយៈពេលចំនួន ១៥ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងខាងលើនេះ ដោយហេតុដូចនេះហើយប្រជាពលរដ្ឋចំនួន ៩គ្រួសារក្នុងចំណោមប្រជាពលរដ្ឋចំនួន ៣១គ្រួសារ ក៏បានលើកដៃសំពះអង្វរសុំ ក៏ដូចជាស្នើសុំ ការយោគយល់ពីរដ្ឋបាលក្រុង/ខេត្តព្រះសីហនុ ដោយជួយសម្រួលក្នុង ការបន្ធូរបន្ថយលើស្ថានភាពជាក់ស្តែងដល់ពួកគាត់ផង ដោយក្នុងនោះពួកគាត់បានរស់នៅក្នុងតំបន់នេះជាយូរឆ្នាំមកហើយ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានលេខក្បាលដីទៀតផង។

ហើយនៅកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះប្រជាពលរដ្ឋចំនួន ៩គ្រួសារ បានស្នើសុំឱ្យក្រុមអ្នកសារព័ត៌មានជួយធ្វើការសព្វផ្សាយជូនដល់ឯកឧត្តមអភិបាលខេត្ត និងសូមជួយរកដំណោះស្រាយណាមួយជូនដល់ពួកគាត់ផង ដោយនាពេលបច្ចុប្បន្ននេះស្ថានភាពការរីករាលដាល នៃជំងឺកូវិដ-១៩ បានធ្វើឱ្យជួបផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ និងជីវភាពប្រចាំថ្ងៃទៀតផង ហើយប្រសិនបើពួកគាត់ធ្វើការរុះរើផ្ទះចេញទាំងស្រុង គឺពួកគាត់គ្មានសល់អ្វី និងមិនដឹងទៅជ្រកកោននៅទីណានោះទេ ដោយតំបន់នេះគាត់បានរស់នៅជាយូរឆ្នាំមកហើយ ព្រមទាំងបានទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន នឹងមានលេខក្បាលដីទៀតផង។

ប្រជាពលរដ្ឋចំនួន ៩គ្រួសារ បានបន្តទៀតថា នាពេលកន្លងមកពួកគាត់ពុំបានប្រឆាំងទៅនឹងការសម្រេចរបស់រដ្ឋបាលខេត្តនោះទេ មានន័យថាពួកគាត់មានការសាទរយ៉ាងខ្លាំងទៅនឹងគោលការណ៍ដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តកន្លងមក ដែលឯកឧត្តមតែងតែបានគិតគូរប្រយោជន៍រួមជាធំ ហើយអ្វីដែលរដ្ឋបាលក្រុង/ខេត្ត តម្រូវអោយពួកគាត់រុះរើចេញ ក៏ដើម្បីបញ្ចៀសនូវការកកស្ទះចរន្តទឹកផងដែរ ហើយនាពេលកន្លងមកពួកគាត់បានសហការចូលរួម ជាមួយអាជ្ញាធរដែលបានចុះកំណត់ព្រំអូរម្ដងជាពីរដងរួចមកហើយ ជ្រៀកនិងកាត់ចំកន្លែងដែលប៉ះពាល់ទៅលើចំណីអូ ហើយមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្ដីប្រកាសឱ្យពួកខ្ញុំទាំងអស់គ្នា ធ្វើការរុះរើចេញទាំងស្រុង ដោយឮនឹងទទួលដំណឹងដូចនេះពួកគាត់ស្លុតស្មារតីអស់រលីង ដោយមិនដឹងត្រូវធ្វើដូចម្ដេចក៏ស្នើសុំឱ្យបងប្អូនក្រុមអ្នកសារព័ត៌មាន ជួយផ្សព្វ ផ្សាយជូនដំណឹងដល់ឯកឧត្តមអភិបាលខេត្ត និងទទូចស្នើសុំតែម្យ៉ាង គឺសុំការបន្ធូរបន្ថយក្នុងការពង្រីកអូរ លើសពីអ្វីដែលក្រុមការងារធ្លាប់ចុះមកបាញ់ថ្នាំម្ដងជាពីរដង ហើយពួកគាត់ក៏បានសហការចូលរួមផងដែរ ហើយពួកគាត់ក៏បានសំពះសុំរស់នៅក្នុងតំបន់ខាងលើនេះបន្តិចបន្តួចគ្រាន់ទុកប្រកបអាជីវកម្មចិញ្ចឹមគ្រួសារផង។

ដោយក្នុងរឿងរ៉ាវខាងលើនេះលោក ជួប សីហា មន្ត្រីសាលាក្រុងព្រះសីហនុ បានប្រាប់មកអ្នកសារព័ត៌មានថាដោយកាលពី លើកមុនថ្នាក់ដឹកនាំ មិនបានដឹងថាទីតាំងខាងលើនេះមិនមានប័ណ្ណកម្មសិទ្ធិនោះទេ ដោយក្រុមការងារមិនបានសិក្សាលំអិតថាទីតាំងនោះយ៉ាងម៉េចនោះទេ ហើយដោយមើលឃើញនាពេលបច្ចុប្បន្ននេះដោយមានស្ថានភាពក្នុងការលិចជននៅជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ដូច្នេះហើយក្រុមការងារត្រូវសិក្សាឡើងវិញ នៅចំចំណុចណាដែលមានបញ្ហាបន្ទាប់ពីបានធ្វើការសិក្សា ឡើងវិញរួចហើយក៏មានការផលប៉ះពាល់ចំនួន ៣១គ្រួសារស្មើនឹង ៣២ខ្នងផ្ទះ ចំណែកឯ៩គ្រួសារក្នុងចំណោមនោះគឺមានផលប៉ះពាល់ទាំងស្រុង ដោយពិនិត្យឃើញថាផ្ទះរបស់ពួកគាត់មានត្រឹមតែលេខក្បាលដីនោះទេ ដោយមិនមានប្លង់កម្មសិទ្ធិនោះទេ។

ដោយក្នុងនោះផងដែរលោក ឈិត រតនៈ នាយករងរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថានៅក្នុងការចុះណែនាំបងប្អូនប្រជាពលរដ្ឋ ដោយមានការដឹកនាំរូបលោកផ្ទាល់ និងមានការចូលរួមពីលោកអភិបាលរងក្រុងព្រះសីហនុ មន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ បានចុះណែនាំដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារស្មើរនិង ៣២ខ្នងផ្ទះ ដែលមានផ្ទះនិងសំណង់អាគារ សង់លើអូរប្រឡាយ និងដីចំណីរផ្លូវអូរ២ ឱ្យធ្វើការរុះរើចេញដោយខ្លួនឯងមុននិងរដ្ឋបាលខេត្តចាត់វិធានការឈួសឆាយកាយស្តារអូរប្រឡាយទៅ ធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ហើយលោកបានបន្តទៀតថា ក្នុងការដែលអាជ្ញាធរចុះមកធ្វើកិច្ចការនេះមិនមែនជាលើកទីមួយទេ កន្លងមករដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ រួចមកហើយ តែបងប្អូនប្រជាពលរដ្ឋមិនព្រមស្តាប់តាម ហើយក្នុងការដែលចុះមកផ្សព្វផ្សាយជាលើកចុងក្រោយនេះគឺមានមន្ត្រីជំនាញចុះមកចុចពុងសិក្សាច្បាស់លាស់រួចមកហើយពីផលប៉ះពាល់មួយចំនួនក្នុងក្រុងព្រះសីហនុ ដូចនេះពុំមានការអនុគ្រោះជាដាច់ខាត៕ដោយ វ៉ាន់ នី