បន្ទាយមានជ័យ៖ អគ្គីភ័យឆាបឆេះផ្ទះឈើមួយខ្នងគ្មានសល់ ហេតុការណ៍នេះ កើតឡើងវេលាម៉ោង10 និង30 នាទី ថ្ងៃទី18 ខែកញ្ញា ឆ្នាំ 2021 នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលស្រុកថ្មពួកបានឲ្យដឹងថាផ្ទះមួយខ្នងដែលឆាបឆេះនេះ ធ្វើអំពីឈើប្រក់ស័ង្កសីមានទំហំ 07ម៉ែត្រគុណ08ម៉ែត្រ ត្រូវបានអគ្គីភ័យឆេះអស់ទាំង ស្រុង។ ម្ចាស់ផ្ទះឈ្មោះ លឿន ឡឹបភេទប្រុសអាយុ 42ឆ្នាំរស់ នៅភូមិភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (ម្ចាស់មិនបាននៅផ្ទះទេ ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃដោយទុកឲ្យកូនប្រុសម្នាក់អាយុ13ឆ្នាំ នៅចាំផ្ទះ) ។
ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងប្រចាំបញ្ជាអធិការដ្ឋាននិងប៉ុស្តិ៍បាន ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានប្រើប្រាស់រថយន្តពន្លត់អគីភ័យ របស់អធិការដ្ឋានចំនួន1គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹក01រថយន្តដើម្បីពន្លត់និងទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅផ្ទះអ្នកជិតខាង។
កូនម្ចាស់ផ្ទះ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ខ្លួនដេកលេងទូរសព្ទនៅលើពូកនៅក្នុងផ្ទះ ក្រោយពីអស់ថ្ម បានសាកថ្មទូសព្ទចោលនៅលើពូករត់មកញ៉ាំបាយនៅផ្ទះជីដូននៅក្បែរនោះ ហើយបានឮសម្លេងផ្ទុះដែលតែមិនចាប់អារម្មណ៍ លុះដល់មានអណ្តាតភ្លើងឆាបឆេះទើបឆោឡោហៅអ្នកជិតខាងឲ្យជួយ។
សមត្ថកិច្ចជំនាញសន្និដ្ឋានថា ករណីនេះសង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើងខណៈពេលសាកថ្មទូរសព្ទចោលនៅលើកន្លែងដេក ដែលមានពួក ខ្នើយ ពេលផ្ទុះថ្មទូរស័ព្ទទៅជាទុស្សេមានផ្កាភ្លើងប៉ះនឹងពួក ខ្នើយ ក្លាយជាអគ្គីភ័យខូតខាតអស់ផ្ទះមួយខ្នង និងសម្ភារៈនៅក្នុងផ្ទះទាំងអស់៕ដោយ ក្តាមស្រែ