ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនច្បាប់ស្តីពីការងារ ត្រូវអនុញ្ញាតឱ្យកម្ម និយោជិតទាំងអស់ របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលមានរយៈពេល ៣(បី)ថ្ងៃ គឺ ថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា ម្ចាស់ឬនាយករោងចក្រ សហគ្រាស អាចពិភាក្សាជាមួយតំណាងកម្មករនិយោជិត ក្នុងការរៀបចំ ឬ ផ្លាស់ប្ដូរការឈប់សម្រាក នេះនៅពេលណាមួយផ្សេងទៀត ក្នុងករណីមានការព្រមព្រៀងពីកម្មករនិយោជិត។
ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណាដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈ សកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាក បុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែ មួយនាំឱ្យខូចប្រយោជន៍ដល់ សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាក ទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្តូរគ្នា ហើយ រក្សាទុកបញ្ជីបែងចែកនោះ ជាប្រចាំ សម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់ បុណ្យ ភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់ បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។
កម្មករនិយោជិតដែលឈប់សម្រាក ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតី សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណី អាហារក្នុងអំឡុងពិធីបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌ និងវិធានសុខាភិបាលជាធរមាននានា។ដោយ តារា