អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់ចេញនូវវិធានការរដ្ឋបាលរយៈពេលមួយសប្តាហ៍ទៀត ក្រោយមើលឃើញពីហានិភ័យ ឆ្លងជំងឺកូវីដ-១៩ជាថ្មី

135

កំពងស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាលមួយសប្តាហ៍ទៀត ក្រោយមើលឃើញថាខេត្តនេះនៅតែមានអ្នកឆ្លងជំងឺកូវីដ-១៩។ ការដាក់វិធានការរដ្ឋបាលធ្វើឡើងគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។

ក្រោយការដាក់ចេញនូវវិធានការរដ្ឋបាលនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានកំណត់ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមានជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡា។

រាល់សកម្មភាពការងារ មុខរបរ អាជីវកម្ម ដែលមិនត្រូវបានហាមឃាត់ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ

ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០នាក់ លើកលែងតែចំពោះករណីមួយចំនួនដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច៕ដោយ តារា