ភ្នំពេញ ៖ ករណីគ្រោះអគ្គិភ័យមួយ បានឆាបឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ បង្កការ ភ្ញាក់ផ្អើល នៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវ ជាតិលេខ៥ ភូមិ៥ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់ចំនួន ១២ខ្នងផ្ទះតូច និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុងផងដែរ។
ម្ចាស់ទីតាំងបង្ករគឺជាសំណង់មិនរៀបរយចំនួន ១២ខ្នងផ្ទះតូច ហេីយបានរាលដាលដល់ផ្ទះអ្នកជិតខាងមានឈ្មោះ ចាន់ សារីម ភេទស្រី អាយុ ៦១ឆ្នាំ មុខរបរ គ្រូតំប្បាញ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការដុតទៀនបង្កជាអគ្គិភ័យ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ឈេីលេីថ្មក្រោម ទំហំ (១៥ម៉ែត្រ x ១៥ម៉ែត្រ ) ឆេះសំណង់មិនរៀបរយ ១២ខ្នងផ្ទះតូច និងរាលដាលដល់ផ្ទះសិប្បកម្មសូត្រតម្បាញ និងហូល ខូចខាតកុំព្យូទ័រចំនួន ៣គ្រឿង, ទូរទឹកកកចំនួន ១គ្រឿង, លុយខ្មែរចំនួន ២លានរៀល និងលុយដុល្លារចំនួន ១០០០ដុល្លារ អស់ទាំងស្រុង។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់ ២៦ឡាន និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៨និង៣០នាទីនាថ្ងៃដដែរ៕ដោយ កុសល់