ភ្នំពេញ: បុរសជនជាតិចិនម្នាក់រួមដំណើរនឹងនារីជនជាតិចិនម្នាក់ទៀតបើករថយន្តកាមរីមួយគ្រឿងបត់ឆ្លងផ្លូវក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀង ខាងមុខពេញទំហឹងបណ្ដាលឲ្យដួលទៀតបោកទៅលើសួនចិញ្ចើមផ្លូវរងរបួសធ្ងន់ធ្ងរ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២១ នៅចំណុចមុខបុរីអេវូដ តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនិងនារីជនជាតិចិនម្នាក់ទៀតបើករថយន្តកាមរីពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AV-9733ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណ:នោះក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1K-7631ជិះដោយបុរសម្នាក់បញ្រ្ចាសទិសដៅគ្នាទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តផ្នែកខាងមុខខាងស្ដាំពេញទំហឹងបណ្តាលឲ្យដួលខ្ទាតទៅលើសួនចិញ្ចើមផ្លូវបោកក្បាលរងរបួសធ្ងន់ធ្ងរ ភ្លាមនោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។ចំណែកតៃកុងរថយន្តជាជនជាតិចិនត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់