ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តនៅតំបន់ឆ្នេរ ដែនកោះ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ មានចំនួនសរុប១១១.៣២២ កើនឡើង១១៧,២៨% ក្នុងនោះភ្ញៀវជាតិ ១០៥.៣៨៩ កើនឡើង១១៥,៩៥% ភ្ញៀវបរទេស ៥.៩៣៣នាក់ កើនឡើង ១៤៣,៩៥%។ ចំពោះភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុចំនួន០២ជើង (ស្មើនឹងឆ្នាំមុន) ស្មើនឹង ២៩នាក់ ថយចុះ៨៦,៨៣% ជាតិ០៥នាក់ និងអន្តរជាតិសរុប២៤នាក់។ ភ្ញៀវទេសចរទៅកម្សាន្ត តាមកោះនានាមានចំនួន ២.៧៤០ នាក់ កើនឡើង៨៥,៨៨% ក្នុងនោះភ្ញៀវជាតិ ២.៤៥៦នាក់ កើនឡើង១៦៥,៥១% ភ្ញៀវបរទេស២៨៤នាក់ ថយចុះ៤៨,២៦%។ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្ត ភ្ញៀវសរុប១០៨.៤៤៧ នាក់ កើនឡើង១២២,៦៤% ក្នុងនោះភ្ញៀវជាតិ១០២.៨៣៥នាក់កើនឡើង១១៧,៧៥% ភ្ញៀវបរទេស៥.៦១២នាក់ កើនឡើង២៧៨,១៦%។
ចំពោះស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ គឺប្រព្រឹត្តទៅបានល្អប្រសើរ ហើយភ្ញៀវទេសចរ និងប្រជាពលរដ្ឋ គឺបានចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្តបានល្អ និងមានភាពសប្បាយរីករាយ ជាពិសេសបានកោតសរសើរចំពោះសមិទ្ធិផល នៃការអភិវឌ្ឍទីក្រុង និងតំបន់ឆ្នេររបស់ខេត្តព្រះសីហនុ។
សូមជម្រាបជូនផងដែរថាកន្លងមក រដ្ឋបាលខេត្តបានខិតខំប្រឹងប្រែង ក្នុងការរៀបចំសោភណ្ឌភាពខេត្តឱ្យមានភាពស្រស់បំព្រង ក៏ដូចជាការពង្រឹងសេវាកម្មតាមបណ្តាភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារនានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកពីតាមបណ្តារាជធានី-ខេត្ត ចូលមកកម្សាន្តដោយភាពរីករាយ។ ជាពិសេសរដ្ឋបាលខេត្តក៏បានធ្វើការណែនាំ និងលើកទឹកចិត្តដល់អាជីវករ និងអ្នកផ្តល់សេវាកុំឱ្យតម្លើងថ្លៃលើសពីតម្លៃធម្មតា កាលណាយើងលក់ដូរក្នុងតម្លៃសមរម្យ គឺយើងអាចរក្សាបានភ្ញៀវមកជាប្រចាំ ដែលបានជួយផ្តល់ការងារ និងលើកកម្ពស់ដល់ជីវភាពរបស់បងប្អូនបានយូរអង្វែង៕ដោយ វ៉ាន់នី