កក្រើកឡើងវិញហើយ ករណីឈូសឆាយជីកកាយដីភ្នំមកចាក់លុបចំណីព្រែក នៅឃុំតាតៃ

109

 

កោះកុង ÷ ករណីជីកកាយដីភ្នំ យកមកចាក់បំពានចំណីព្រែកត្រង់ចំណុចភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ចាប់ផ្តើមកក្រើកឡើងវិញ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចស្រុកកោះកុងធ្លាប់បានចុះធ្វើការហាមឃាត់និងអោយម្ចាស់ទីតាំងបំពានដែលគេបានស្គាល់ថាមានឈ្មោះ ប៊ុន មួយ ធ្វើកិច្ចសន្យារួចមកហើយក្តី ។

បើតាមការបញ្ជាក់ពីពលរដ្ឋបានអោយដឹងថា ទីតាំងដែលកំពុងចាក់អាចម៍ដីបំពាខាងលើ គឺជារបស់លោកស្រី ប៊ុន មួយដែលជាអាជីវករលក់គ្រឿងសំណង់នៅក្នុងក្រុងខេមរភូមិន្ទ ហើយទីតាំងដីជាប់នេះដែលជាកម្មសិទ្ធិរបស់លោកស្រី ប៊ុន មួយ ដូចគ្នា កន្លងមកក៏ត្រូវបានអាជ្ញាធរចម្រុះស្រុកកោះកុង ដឹកនាំដោយលោក ណឹម ភារម្យ អភិបាលរងស្រុកកោះកុង ចុះធ្វើការហាមឃាត់ម្តងរួចមកហើយ តែពេលថ្មីៗនេះ ស្រាប់តែសកម្មភាពចាក់ដីចូលចំណីព្រែករបស់លោកស្រីនៅលើទីតាំងដីជាប់គ្នាបានកក្រើកឡើងវិញ ដោយមិនទាន់មានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ចុះធ្វើការត្រួតពិនិត្យ និងហាមឃាត់នៅឡើយ ។

ករណីនេះត្រូវបានពលរដ្ឋលើកឡើងថា រូបភាពនៃការបង្ក្រាបរបស់អាជ្ញាធរមានសមត្ថកិច្ចហាក់ពុំមានប្រសិទ្ធិភាពលើក្រុមឈ្មួញទាល់តែសោះ ព្រោះសកម្មភាពបំពានហាក់កើតមានជាដដែលៗ ហេតុនេះពួកគាត់ស្នើរសុំអោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយចាត់ក្រុមការងារចុះពិនិត្យមើលករណីខាងលើផង ដើម្បីកុំអោយឈ្មួញខិលខួចចេះតែប្រព្រឹត្តបទល្មើសដដែលៗដោយមិនខ្វាយខ្វល់ពីផ្លូវច្បាប់បែបនេះ ។

ទាក់ទងទៅនឹងករណីចាក់ដីលុបចូលក្នុងព្រែក ដែលប្រជាពលរដ្ឋលើកឡើងខាងលើ លោក ធិន សម្បត្តិ មេឃុំតាតៃ បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកានេះថា ទីតាំងចាក់ដីខាងលើ គឺគេមានប្លង់ ហើយច្បាប់ក៏បានកំណត់ឱ្យគាត់ចាក់ដែរ តែបើគាត់ចាក់ចូលក្នុងព្រែក ចាំខ្ញុំឲ្យកម្លាំងចុះទៅពិនិត្យមើល ។

ដោយឡែក លោក លឹម ភឿន ភូមិបាលស្រុកកោះកុង បានឲ្យដឹងដែរថា រឿងការចាក់ដីលុបចូលក្នុងព្រែ នៅចំណុចអន្លង់វ៉ាក់ខាងលើ លោកមិនបានដឹងទេ ពីព្រោះលោកមេឃុំមិនទាន់ផ្ដល់ព័ត៌មានមកស្រុកនៅឡើយទេ ហើយការចាក់ដីនេះ ច្បាប់បានកំណត់ហើយត្រូវទុក២០ម៉ែត្រពីមាត់ព្រែក ។

ចំពោះ លោក ជា សូវី អភិបាលស្រុកកោះកុង បានឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកានេះដូចគ្នា ដោយលោកបានបញ្ជាក់ថា លោកមិនទាន់បានទទួលព័ត៌មាននៅឡើយទេ បើមានការចាក់ដីលុបចូលក្នុងព្រែកមែន ចាំលោកចាត់កម្លាំងឲ្យចុះទៅពិនិត្យមើលនៅថ្ងៃស្អែកនេះ ៕ ដោយ សុគន្ធី