ខេត្តប៉ៃលិន ៖ បុរសម្នាក់ មានកូនតូចៗចំនួន៣នាក់ ក្នុងបន្ទុក ជាមន្រ្តីយោធាបម្រើការនៅព្រំដែន រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានទទូចស្នើសុំឱ្យថ្នាក់ដឹកនាំខេត្តប៉ៃលិន ជួយអន្តរាគមន៍ ខណ:ប្រពន្ធរបស់ខ្លួន ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសង (កត់កន្ទុយលេខឆ្នោត) ស្ថិតនៅផ្ទះម្តាយខ្លួន ក្នុងភូមិជាមួយគ្នាចំងាយជាង១គីឡូម៉ែត្រ ហើយត្រូវបានគេបញ្ជូនទៅដាក់ក្នុងពន្ធនាគារ។
បើតាមការអះអាងរបស់បុរសម្នាក់ ឈ្មោះ សឿន ភារុណ អាយុ៣២ឆ្នាំ បានឱ្យអ្នកសារព័ត៌មានដឹងថា ៖ តាំងពីដើមរហូតមកដល់ពេលនេះ ប្រពន្ធរបស់គាត់ មិនមែនជាអ្នកលេងល្បែងស៊ីសង (កត់កន្ទុយលេខឆ្នោត) នោះទេ គឺជាអ្នកប្រកបមុខរបរបោក គក់ ខោអាវ នៅផ្ទះរបស់ខ្លួន។លោកបន្តទៀតថា នៅវេលាម៉ោង២ និង០០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ កូនស្រីពៅ ដែលមិនទាន់ផ្តាច់ដោះ បានក្តៅខ្លួន ក៏ជិះម៉ូតូដឹកយកទៅឱ្យគ្រូពេទ្យផ្សំថ្នាំ ហើយក៏ឈៀងចូលផ្ទះម្តាយក្មេកបន្តិច។
ពេលនោះ ស្រាប់តែមាននគរបាលម្នាក់ ស្លៀកពាក់ស៊ីវិល ចូលមកធ្វើជាអ្នកចាក់ឆ្នោ ត ដោយស្មានតែម្តាយរបស់ខ្លួននៅបើកលេងទៀត ក៏ទាញយកក្រដាសកាតុង ដែលទុកនៅក្នុងថតតុ មកកត់ឱ្យគេ លុះមួយសន្ទុះក្រោយមក ក៏ត្រូវកម្លាំងសមត្ថកិច្ច ចុះទៅចាប់ឃាត់ខ្លួនតែម្តង ។ លោកបន្ថែមថា ក្រោយពីសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួនប្រពន្ធ បញ្ជូនទៅតុលាការ ធ្វើឱ្យគាត់រស់នៅលំបាកវេទនា ព្រោះកូនទាំង៣នាក់ ស្ថិតនៅក្នុងបន្ទុក ដោយលោកសុំច្បាប់អង្គភាព ដើម្បីមើលថែកូនតូចៗ ណាមួយកូនស្រីពៅ កំពុងតែមានជំងឺហើយដេកយំរកម្តាយរាល់យប់ផងដែរ ។
ចំណែកស្រ្តីម្នាក់ ឈ្មោះ សុខ ឌីណា ហៅយាយម៉ៅ អាយុ៥៩ឆ្នាំ បានឱ្យដឹងថា ៖ កាលពីមុន គាត់ធ្លាប់កត់កន្ទុយលេខឆ្នោតឱ្យគេមែន ប៉ុន្តែក្រោយពីទទួលបានការណែនាំពីអាជ្ញាធរខេត្ត គាត់ក៏បានឈប់លេងអស់រយ:ពេលជាង១ខែមកហើយ លុះគាត់ជាប់រវល់ចេញទៅផ្សារមួយភ្លែត ស្រាប់តែកូនប្រសារស្រីអត់ដឹង ស្មានតែគាត់នៅលេង ក៏កត់លេខឆ្នោតឱ្យគេ ជាមន្រ្តីនគរបាល ក៏ទទួលរងការចាប់ខ្លួនតែម្តង។
គាត់បន្តទៀតថា រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មាននគរបាលយកដីកា មកឱ្យគាត់ចូលខ្លួនទៅបំភ្លឺនៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ពីបទបើកកន្លែងលេងល្បែងស៊ីសង និងភ្នាក់ងារស៊ីសងខុសច្បាប់ ។ គាត់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព ព្រោះខ្លាចក្រែងគេឃាត់ខ្លួនដូចជាកូនប្រសារស្រីរបស់គាត់ ព្រោះណាមួយកំពុងជាប់បំណុលធនាគារជាច្រើនផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ ករណីខាងលើនេះ ពាក់ព័ន្ធទៅនឹងបទល្មើសជាក់ស្តែង ព្រោះមានលុយ មានក្រដាសកាតុង សម្រាប់កត់កន្ទុយលេខឆ្នោត ហើយការចាប់នេះ មានការចូលរួមពីតំណាងអយ្យការត្រឹមត្រូវនៅកន្លែងនោះផងដែរ គឺជាកន្លែងដែលម្ចាស់ផ្ទះ ធ្លាប់ប្រព្រឹត្តបទល្មើស (កាត់កន្ទុយលេខឆ្នោតជាង១០ឆ្នាំមកហើយ)។ បើមិនមានភស្តុតាង ក៏សមត្ថកិច្ចមិនចាប់ខ្លួនគាត់នោះដែរ ។
លោកបញ្ជាក់ទៀតថា ការចាប់ខ្លួននេះ គឺជាការអនុវត្តច្បាប់ និងមានការឯកភាពពីគណអភិបាលខេត្តប៉ៃលិ ន ព្រោះល្បែងស៊ីសងនេះ ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិ នាំគ្នាលេងល្បែង អស់លុយកាក់ ក្លាយជាក្រីក្រ រកប្រាក់ទិញម្ហូបអាហារមិនបានឡើយ ៕ដោយ ភ្នំខៀវ