ភ្នំពេញ: បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួស បង្កអោយមានការភ្ញាក់ផ្អើល នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ២០ និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ។
ជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ ដោយមានវ័យប្រមាណ៣០ឆ្នាំ បើករថយន្តមួយគ្រឿង ម៉ាកតូយូតា ព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AY – 3468 ។
តាមប្រភពព័ត៌មានបឋម នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះបើករថយន្តតែម្នាក់ឯង តាមបណ្តោយផ្លូវក្នុងមជ្ឈមណ្ឌលកោះពេជ្រ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកព្រូសដូចគ្នា បានបើកមកបង្កគ្រោះថ្នាក់ចរាចរណ៍តិចតួច ហើយភាគីម្ចាស់រថយន្តទាំង២ ក៏ចុះនិយាយគ្នា ។ ប្រភពបន្តថា ទំនងដោយការនិយាយមិនចុះសម្រុងគ្នា ភាគីម្ខាង បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ចេញពីចង្កេះ រួចធ្វើការបាញ់ប្រហារជាច្រើនគ្រាប់ទៅលើភាគីម្ខាងទៀត បណ្តាលឲ្យរងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើង បានឡើងជិះរថយន្តរត់គេចពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង ។
ភ្លាមៗ បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ នឹងទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយឲ្យទៅទទួលយកជនរងគ្រោះ ដើម្បីសង្គ្រោះ នៅមន្ទីរពេទ្យ ។ ដោយឡែក រថយន្តជនរងគ្រោះ សមត្ថកិច្ចសម្រេចយកទៅរក្សាទុកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនបណ្តោះអាសន្ន។
យ៉ាងណាមិញ ជុំវិញករណីបាញ់ប្រហារនេះ សមត្ថកិច្ច បានសាកសួរនាំប្រភពនៅកន្លែងកើតហេតុ និងពិនិត្យជុំវិញកាំមេរ៉ាសុវត្ថិភាពដែលមាននៅក្បែរ ឬជុំវិញកន្លែងកើតហេតុ ដើម្បីកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង នឹងឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕ដោយ កុសល់