សង្ស័យកាប់ប្លន់យកម៉ូតូ មិនបានសម្រេចបណ្ដាលឲ្យយុវជន៣នាក់ រងរបួសធ្ងន់ស្រាល នៅខណ្ឌសែនសុខ

153

 

ភ្នំពេញ:ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានដេញកាប់ប្រហារ ទៅលើយុវជន៣នាក់តាំងពីខណ្ឌជ្រោយចង្វាររហូតមកដល់ខណ្ឌសែនសុខ បណ្ដាលរងបួសម្នាក់យ៉ាងដំណំនិងពីរនាក់រងរបួសស្រាល កាលពីវេលាម៉ោង២និង ៤៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខការ៉ាស់សាំង តូតាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេទាំង៣ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IK–1792ចេញពីខួបមិត្តភ័ក្រនៅខណ្ឌជ្រោយចង្វារ បន្ទាប់មកក៍មានជនសង្ស័យមួយក្រុមជិះម៉ូតូ៦ទៅ៧ បានជិះដេញកាប់រហូត ដោយរូបគេភ័យស្លន់ស្លោនាំគ្នាជិះម៉ូតូរត់គេចឲ្យផុតពីជនសង្ស័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ពួកគេបានជិះរត់ចូលការ៉ាស់សាំង ឲ្យអ្នកចាក់សាំងជួយ តែជនសង្ស័យបានកាប់ប្រហារទៅលើពួកគេម្នាក់បណ្ដាលឱ្យត្រូវចំខ្នង១កាំបិតនិងដៃខាងឆ្វេង១កាំបិតរងរបួសយ៉ាងដំណំ ចំណែកពីរ នាក់ទៀតរងរបួសស្រាល ចំណែកម៉ូតូត្រូវជនសង្ស័យកាប់ត្រូវស្លាកលេខ១កាំបិត។ចំណែកជនសង្ស័យក្រោយពីបានកាប់ទៅលើជនរងគ្រោះរួចហើយបាននាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លារងចាំប្រគល់ជូនម្ចាស់វិញ៕ដោយ កុសល់