បន្ទាយមានជ័យ៖ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី 21 ខែតុលា ឆ្នាំ2021 បានចុះធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូន បើកបរយានយន្តគ្រប់ប្រភេទ នៅកន្លែងបំបែកទ្រូងផ្លូវច្រើនដំណាក់ លើផ្លូវបំបែកវាងក្រុង នៅចំណុចសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលបង្កឱ្យអ្នកបើកបរមិនទាន់យល់ពីទិសចរាចរណ៍ ផ្លាកសញ្ញា ឬក៏ដូចជាព្រួញសញ្ញាជាដើម។
លោក សុក ចាន់ថា បានបញ្ជាក់ថា អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែយល់ពីច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាដូចជាៈ ត្រូវគោរពសញ្ញាចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញាទ្រូងចែកផ្លូវ និងសញ្ញាព្រួញ។ល។ រាល់ការធ្វើចរាចរលើផ្លូវថ្នល់ ត្រូវតែគោរពច្បាប់ចរាចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះច្បាប់ មានគោលបំណង រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ការពារអាយុជីវិតមនុស្សសត្វ និងការពារបរិស្ថាន ទប់ស្កាត់ការប៉ះពាល់ សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន។
លោកប្រធានមន្ទីរ បន្តថា ការបើកបរដោយគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឹងម៉ាត់ ក៏ចាត់ទុកថា ជាការបើកបរប្រកបដោយសុជីវធម៌ដែរ។ នៅពេលចុះធ្វើការផ្សព្វផ្សាយណែនាំជំនួយស្មារតី ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលមន្ត្រីជំនាញខិតខំអប់រំណែនាំ សង្កេតឃើញថា មានអ្នកបើកបរជាច្រើនរួមមាន ម៉ូតូ រថយន្តតូចធំ និងគោយន្តជាដើម នៅមិនទាន់យល់ពីសញ្ញាទិសចរាចរណ៍ ឬក៏គំនូសព្រួញសញ្ញាបណ្ដាលឲ្យការបើកបរបញ្ច្រាស់ទិស នាំឲ្យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ។
លោក សុក ចាន់ថា ក៏បានធ្វើការអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកធ្វើដំណើរគ្រប់ប្រភេទ ត្រូវអនុវត្តដោយទទួលខុសត្រូវខ្ពស់ គោរពនូវច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយមកនៅកម្រិតទាបបំផុត៕ដោយ ក្តាមស្រែ