ភ្នំពេញ: រថយន្តតូយ៉ូតា ព្រូសមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទបានបុកជាមួយរថយន្តតូយ៉ូតា ព្រូសមួយគ្រឿងទៀតត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលខ្ទាតរៀងៗខ្លួន និងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ ១៥៦ កែង នឹងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តតូយ៉ូតា ព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខខេមរភូមិន្ទ02-2-1249ធ្វើដំណើរតាមបណ្ដោយផ្លូវ១៥៦ ទិសដៅពីកើតទៅលិចលុះ មកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួនបានបុក ជាមួយរថយន្តតូយ៉ូតាព្រូសមួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ-7276ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៦១ ទិសដៅពីត្បូងទៅជើងបញ្ឆិតខាងមុខ ពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងខ្ទាតរៀងៗខ្លួន និងរងការខូចខាតយ៉ាងដំណំដូចគ្នា។បន្ទាប់មកភាគីទាំងសងខាងបាននាំគ្នាចេញពីកន្លែងកើតហេតុបាត់អស់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់