(បន្ទាយមានជ័យ)៖ ពលករជនជាតិថៃចំនួន 26នាក់ ស្រីចំនួន 12នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ503 សហការជាមួយកងពលតូចថ្មើរជើងលេខ51 និងនគរបាលព្រំដែនគោកលេខ911 ឃាត់ខ្លួនបាននៅថ្ងៃទី28 ខែកញ្ញា ឆ្នាំ2021 នៅវេលាម៉ោង01.40នាទីរំលងអាធ្រាត ខណៈពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ កម្លាំងដើរល្បាតពួនស្ទាក់ចាប់បាន។
កម្លាំងកងអនុសេនាធំល្បាតទី2 ដឹកនាំដោយវរសេនីយ៍ត្រី អ៊ិន ថុល មេបញ្ជាការកងអនុសេនាធំល្បាតទី2 សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបានជនជាតិថៃ ចំនួន 26នាក់ ស្រី 12នាក់ ដែលបម្រុងឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសខ្មែរ នៅវេលាម៉ោង 01:40នាទីរំលងអាធ្រាត្រ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់អោយទៅក្រុមការងារចម្រុះនៅច្រកអូរបីជាន់។
ក្រុមការងារច្រកអូរបីជាន់បានបំពេញបែបបទ និងប្រគល់ពលករជនជាតិថៃទាំងអស់វិលទៅកាន់ប្រទេសថៃវិញ នៅវេលាម៉ោង08.៣០នាទីព្រឹក ទៅអោយតម្រួត ត.ឆ.ដ ថៃ កងរយលេខ126 ប៉ុសិ៍38 ស្ថិតក្នុងភូមិសាស្រ្ត ភូមិណងម៉ាក់មុន ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ៕ដោយ ក្តាមស្រែ