អាជីវករនាំគ្នា មកតវ៉ាសុំឲ្យមន្ត្រីគយច្រកអន្តរជាតិដូង បន្ធូរបន្ថយសេវាបង់ពន្ធលើការដឹកជញ្ជូន

110

 

(ខេត្តបាត់ដំបង) ក្រុមអាជីវករជាអ្នកទិញបន្លែផ្លែឈើដឹកតាមរថយន្តស៉ាំយ៉ុងបាននាំគ្នាប្រមូលផ្តុំធ្វើការតវ៉ាសុំឲ្យមន្ត្រីគយច្រកអន្តរជាតិដូង បន្ធូរបន្ថយសេវាបង់ពន្ធលើការដឹកជញ្ជូន។

ការប្រមូលផ្ដុំនេះធ្វើឡើងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ នៅបរិវេណខាងមុខស្នាក់ការគយដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង គោលបំណងដើម្បីស្នើសុំឲ្យមន្ត្រីការិយាល័យគយ និងរដ្ឋាករដូងបន្ធូរបន្ថយសេវាបង់ពន្ធលើការដឹកជញ្ជូន និងនាំចេញនូវទំនិញ បន្លែផ្លែឈើគ្រប់ប្រភេទ។

ពលរដ្ឋបានលើកឡើងថា ចំពោះការបង់ពន្ធជូនរដ្ឋពួកគាត់មិនជំទាស់ទេតែសុំឲ្យបង់ក្នុងតម្លៃដូចលើកមុន ដែលក្នុង០១រថយន្តសាំយ៉ុងបង់ត្រឹមតែ ៥ ទៅ ៦ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះមន្ត្រីគយតម្រូវឲ្យបង់ចាប់ពី ១០ ទៅ ២០ម៉ឺនរៀល បើតម្លើងបង់ពន្ធច្រើនពេកពួកគាត់មិនមានប្រាក់ចំណេញទេ ម៉្យាងទៀតកំពុងប៉ះពាល់ដោយសារជំងឺកូវីដ-១៩ផង។

ពាក់ព័ន្ធបញ្ហាខាងលើ លោក សុខ គឹមខុន អភិបាលស្រុកកំរៀងបានលើកឡើងថា÷ ក្រុមអាជីវករដែលតវ៉ានេះភាគច្រើនជាអ្នកចម្ងាយក្រៅពីអ្នកខេត្តបាត់ដំបង ពួកគាត់បានប្រមូលផ្តុំគ្នាតាំងពីអំឡុងម៉ោងជិត ១១និង០០នាទីព្រឹក ហើយមកទល់ម៉ោង ១និង០០នាទី នៅមិនទាន់រំសាយនៅឡើយទេដោយសារពួកគាត់មិនព្រមទទួលយកការសម្របសម្រួលពីអាជ្ញាធរស្រុក។

ចំពោះមុខនេះនៅរសៀលថ្ងៃដដែលលោកអភិបាលរងខេត្តបាត់ដំបងទទួលបន្ទុក នឹងអញ្ជើញចូលខ្លួនដើម្បីរកដំណោះស្រាយសមស្របណាមួយឲ្យល្អទាំង០២ភាគី រវាងមន្ត្រីគយច្រកដូង និងក្រុមអាជីវករខាងលើ៕ដោយ ភ្នំខៀវ