ចាប់បញ្ជូនមេខ្យល់ប្រុស.ស្រីចំនួន03នាក់ នាំពលករខ្មែរលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

120

 

ខេត្តបន្ទាយមានជ័យ៖ មេខ្យល់ប្រុស.ស្រីចំនួន03នាក់ នាំពលករខ្មែរលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ចំនួន24នាក់ និងក្មេង02នាក់ ត្រូវបានកម្លាំងវរការពាំរព្រំដែនគោកលេខ503 យោធភូមិភាគទី5 ចាប់បញ្ចូនទៅកាន់ការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់បន្តនៅរសៀលថ្ងៃទី18 ខែកញ្ញា ឆ្នាំ 2021។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា មេខ្យល់3នាក់ 1.ឈ្មោះ តុង កុត ភេទប្រុស អាយុ47ឆ្នាំ មុខរបររត់តាក់ស៊ី 2.ឈ្មោះ មឿយ ផល្លី ភេទស្រី អាយុ41ឆ្នាំ ត្រូវជាប្រពន្ធ អ្នកទាំង2រស់នៅភូមិត្រាំកង់ ឃុំជន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប 3.ឈ្មោះ ស្មឿន លីហ៊ាង ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង03នាក់ខាងលើ ត្រូវបានកម្លាំងវរៈការពារព្រំដែនលេខ503 យោធភូមិភាគទី៥ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី16 ខែកញ្ញា ឆ្នាំ2021 ខណៈដែលលួចដឹកពលករខ្មែរចំនួន26នាក់ ក្នុងនោះមានកុមារ02នាក់ បំរ៉ុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវ បានបញ្ជូនមកប្រគល់មកឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។ ចំណែកពលករខ្មែរ ប្រុស.ស្រី24នាក់ និងកុមារ02នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឳ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់ ក្រោយកម្លាំងជំនាញធ្វើការសួនាំរួចបានឆ្លើយសារភាពថា ពួកគេពិតជាបានដឹកពលករទាំងអស់នោះយកឱ្យមេខ្យល់ម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណទេ គឺទាក់ទងគ្នាតាមទូរសព្ទ ពេលមកដល់មាត់ច្រកព្រំដែនទើបកម្លាំកងទ័ពឃាត់ខ្លួនបានតែម្ដង។ ចំពោះស្រ្តីឈ្មោះ មឿយ ផល្លី ត្រូវជាប្រពន្ធរបស់ឈ្មោះ តុង កុត មិនដឹងរឿងអ្វីនោះទេព្រោះថ្ងៃនោះប្តីរបស់គាត់ហៅមកជាមួយបានជាគ្នា ព្រោះប្តីរបស់គាត់មិនស្រួលខ្លួន។ ករណីខាងលើកដោយមានការអនុញ្ញតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តជនសង្ស័យទាំង03នាក់ និងរថយន្តចំនួន02គ្រឿងត្រូវកំលាំងអាវុធហត្ថជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវីធីច្បាប់៕ដោយ ក្តាមស្រែ