ភ្នំពេញ៖ នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប ជួរភ្នំដងរែក តំបន់ជួរភ្នំក្រវាញ និងតំបន់មាត់សមុទ្រ អាចនឹងកើតមានជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២០-២៣ ខែកញ្ញា ឆ្នាំ២០២១ ដោយសារប្រព័ន្ធសម្ពាធទាបអាចនឹងអូសកាត់បញ្ឆិតលើកម្ពុជា និងថ្ងៃទី២៥ អាចនឹងមានកូនព្យុះទី១៥ កើតឡើង ដែលអាចនឹងបង្កឥទ្ធិពលដល់កម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម៖
តំបន់វាលទំនាប៖ ផ្ទៃមេឃមានពពកច្រើន មានភ័ព្ទ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។
២- តំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ៖ ផ្ទៃមេឃអាប់អួរមានពពកច្រើន ភ័ព្វផ្សែង នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុង ភូមិសាស្ដ្រខេត្តពោធិ៍សាត់ (ស្រុកវាលវែង) ឧត្ដរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ តាមរយៈស្ទឹងសែន ដែលអាចនឹងបង្កទៅជាជំនន់។
៣- តំបន់មាត់សមុទ្រ៖ ផ្ទៃមេឃអាប់អូរមានពពកច្រើន ភ័ព្ទផ្សែង នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់មានល្បឿនមធ្យម ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង ពិសេសផ្លូវជាតិ លេខ ៤ អាចគំរាមកំហែងដោយជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមានកម្ពស់មធ្យម។
ក្រសួងធនធានទឹក និងឧតុនិយម ស្នើដល់សាធារណជនបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕