សត្វត្រយ៉ងចង្កំក-ស ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ត្រូវប្រទះឃើញក្នុងព្រៃខេត្តមណ្ឌលគិរី

154

មណ្ឌលគិរី៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៅថ្ងៃទី១៧ កញ្ញា ២០២១ ​បានបង្ហាញពីវត្តមានសត្វត្រយ៉ងចង្កំក-សដ៏កម្រ ដែលត្រូវបានប្រទះឃើញក្នុងដែនជម្រកសត្វព្រៃស្រែពករបស់ខេត្តមណ្ឌលគិរី ក្នុងពេលចុះស្រាវជ្រាវប្រមូលទិន្នន័យធ្វើបច្ចុប្បន្នភាពធនធានធម្មជាតិនិងសត្វព្រៃនាពេលថ្មីៗនេះ។

មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃនិងជីវៈចម្រុះ ដោយមានការចូលរួមនិងគាំទ្រពីគម្រោងស្រាវជ្រាវរបស់អង្គការ WWF បានចុះសិក្សាស្រាវជ្រាវទីតាំងទ្រនំ និងធ្វើជំរឿនត្រយ៉ងចង្កំក-ស នៅក្នុងដែនជម្រកសត្វព្រៃស្រែពក។ ក្នុងនោះបានប្រទះឃើញទីតាំងទ្រនំត្រយ៉ងចង្កំក  ស ចំនួន៣កន្លែង និងមានសត្វត្រយ៉ងចង្កំក-សចំនួន១១ក្បាល និងបានឃើញកុកពាក់អំបោះចំនួន ០៤ក្បាល ផងដែរ។

យោងតាមការបញ្ជាក់ពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថា សត្វត្រយ៉ងចង្កំក-ស  ភាគច្រើនពួកវាមានទីជម្រកនៅតាមតំបន់ ខ្ពង់រាប ព្រៃភ្នំ ជាព្រៃរបោះ នឹងព្រៃស្រោង ដែលសំបូរទៅដោយប្រភពទឹក ដូចជា ថ្លុក ត្រពាំង បឹងបួ អូរ ព្រែក ស្ទឹង និងទន្លេ ជាដើម។ សត្វត្រយ៉ងចង្កំក-ស វាក៏ជាប្រភេទសត្វបក្សីមានដោយកម្រផងដែរ។

ប៉ុន្តែវាក៏មានវត្តមានតិចតួចនៅរដ្ឋខ្លះនៃប្រទេសឥណ្ឌា និងមួយចំនួនតូចទៀតនៅប្រទេស ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា។  ចំណែកតួលេខដ៏ច្រើនលើសលប់ជាង៩០ភាគរយរបស់ពួកវានោះ គឺមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សត្វត្រយ៉ងចង្កំក-ស មានសម្បុរក្រម៉ៅជាង សត្វត្រយ៉ងយក្ស ហើយភ្លឺរលោងជាងបន្តិច។ នៅលើស្លាប មានពណ៌ខៀវផ្លេកតិចៗដូចស្លាបកំភេមនិងខ្លះមានបង្ហាញពណ៌ស ១ដុំតូចនៅលើគុម្ពស្លាប(តាមការអង្កេតភាគច្រើនឃើញមានលើសត្វឈ្មោលឬសត្វវ័យចំណាស់ៗ)។

លក្ខណៈសម្បត្តិពិសេសរបស់សត្វប្រភេទនេះ គឺមានពណ៌ស១កង់ នៅព័ទ្ធជុំវិញ ក ត្រង់ផ្នែកខាងក្រោមនៃកញ្ចឹងក បន្តិច ដែលមានសណ្ឋានឬលក្ខណៈដូចចង្កំ(ឬប្រឡៅ៖ដូច្នេះហើយទើបចាស់បុរាណហៅថា ត្រយ៉ង ចង្កំកស។

សូមបញ្ជាក់ផងដែរថា សត្វត្រយ៉ងចង្កំក-ស ដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើសកលលោក និងកំពុងត្រូវការ ការចូលរួមទាំងអស់ អស់ដើម្បីរួមគ្នាការពារសត្វព្រៃដ៏ស្រស់ស្អាតរបស់យើង៕