រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែឲ្យទៅឈ្មួញកំរិតណា ទើបជីកជម្រៅលើស២០ម៉ែត្រ មិនមានវិធានការ

125

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋបានខ្សឹបថា ឈ្មួញដុះស្លែដែលពូកែខាងជីកដីលក់ប្រចាំក្រុងសិរីសោភ័ណ មានឈ្មោះហុក និងឈ្មោះសុខា ដែលបានប្រកបរបរអាជីវកម្មជីកដីលក់ រាប់ឆ្នាំស្ទើរដុះស្លែ ដែលរណ្តៅដីនីមួយៗ ជីកគឺជ្រៅៗខ្លាំងណាស់ មិនគោរពតាមការកំណត់ ឬច្បាប់ទម្លាប់អ្វីនោះទេ។ បើតាមប្រភពមន្ត្រីជំនាញប្រាប់ថា រណ្តៅរបស់ឈ្មួញឈ្មោះហុក ខាងលើនេះ គឺសុំអជ្ញាបណ្ណសិប្បកម្មធនធានរ៉ែចេញដោយរដ្ឋបាលខេត្តខេត្តបន្ទាយមានជ័យ ដែលអាចជីជម្រៅត្រឹម៥ម៉ែត្រតែប៉ុណ្ណោះ តែបែរជាឈ្មួញ ជីកឡើងចាស់ដៃតែម្តង ដែលរណ្តៅនីមួយៗមានជម្រៅមិនក្រោម ២០ម៉ែត្រនោះទេ។


ប្រជាពលរដ្ឋបានខ្សឹបឲ្យឮថា សព្វថ្ងៃនេះ មេឈ្មួញដីដុះស្លែ ឈ្មោះហុក និងឈ្មោះសុខា កំពុងជីក រណ្តៅដីពីរកន្លែង នៅខាងជើងភ្នំកងវ៉ា ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលក្នុងមួយ ថ្ងៃៗ សកម្មភាពជីកដី និងដឹកជញ្ជូនដី មិនក្រោម ពី១០០រថយន្តនោះទេ។ ចំណែកការដឹកដីទៀតសោត មិនបានគ្របឱ្យបានត្រឹមត្រូវនោះទេ ធ្វើឱ្យកម្ទេចដីធ្លាក់ហុយពេញផ្លូវ បង្កការលំបាក ក្នុងការធ្វើដំណើរ ហើយបើមានធ្លាក់ភ្លៀង តែងរអិល បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ អ្នកដំណើរជាញឹកញាប់ ហើយរណ្តៅនេះទៀតសោត ក៏តែងតែបង្កឲ្យសត្វគោរបស់ប្រជាពលរដ្ឋធ្លាក់បាក់ជើងងាប់ផងដែរ ជាការព្រួយបារម្ភរបស់អ្នកភូមិ ពួកកាត់សំណូមពរឲ្យមានរបងហ៊ុព័ន្ធការពារកុំឲ្យសត្វឬក្មេងធ្លាក់ចូលរណ្តៅដ៏សែនជ្រៅនេះ។

ប្រជាពលរដ្ឋ បានខ្សឹបបន្តថា មូលហេតុ ដែលឈ្មួញដី ឈ្មោះហុក អាចជីកកាយរណ្តៅ យកអាចម៍ដីលក់ក្នុងជម្រៅដល់ក្បាលប្រែតបែបនេះបាន ក៏ដោយសារតែឈ្មួញរូបនេះ មានទំនាក់ទំនងល្អយ៉ាងជិតស្និទ្ធ និងត្រូវរ៉ូវជាមួយលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ ទើបហ៊ានជីករណ្តៅដីមួយៗមានជម្រៅ រហូតលើសពី២០ម៉ែត្រ។ ប្រជាពលរដ្ឋខាងលើ សូមខ្សឹបឱ្យឮដល់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ក៏ដូចជាស្ថាប័នជំនាញពាក់ព័ន្ធ ជួយពិនិត្យមើល ករណីនេះផង ព្រោះមិនគួរបណ្តែតបណ្តោយ ឱ្យឈ្មួញ និងមន្ត្រីខិលខូចមួយចំនួនតូច ស៊ុមគ្រលុំគ្នាធ្វើស្រេចតែអំពើចិត្តបែបនេះទេ មិនគួរណាលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មើលមិនឃើញ ធ្វើមិនដឹងមិនឮដូច្នេះទាល់តែសោះ។

ដោយឡែក លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យលោកបញ្ជាក់ថា រណ្តៅដីនៅភ្នំកងវ៉ា ជារណ្តៅដីចាស់ដែលមានអាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពល ចំនួន ៩ហិកតា រណ្តៅដែលចេញដោយក្រសួងពុំបានកំណត់ជម្រៅទេ ហើយបានបញ្ចប់មករយៈពេលច្រើនឆ្នាំហើយ។ ចំណែកសព្វថ្ងៃមានរណ្តៅដីពីរកន្លែងទៀតដែលជាអជ្ញាបណ្ណសិប្បកម្មធនធានរ៉ែចេញដោយរដ្ឋបាលខេត្ត ដែលកំពុងធ្វើរាល់ថ្ងៃចំណែកជម្រៅគឺអាចជីកបានតែ ៥ម៉ែត្រទេ ក្រុមការងារមន្ទីរតែងតែបានចុះពិនិត្យវាស់វែង ករណីមានការជីកលើសយើងបានកំណត់អោយបង់សួយសារបន្ថែមរួចរាល់ហើយ និងមិនអនុញ្ញាតទៀតទេ៕ដោយ ក្តាមស្រែ