(បន្ទាយមានជ័យ)៖សមត្ថកិច្ចចម្រុះកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានប្រគល់ពលរដ្ឋថៃចំនួន១០៣នាក់ ក្នុងនោះវិជ្ជមានកូវីដ១៩ ចំនួន៣៤នាក់ ដែលរស់នៅក្នុងទឹកដីកម្ពុជាទៅខាងភាគីថៃវិញ ការប្រគល់នេះ ធ្វើនៅលើស្ពានមិត្តភាពកម្ពុជា.ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
សមត្ថកិច្ចប្រាប់ថា ប្រជាពលរដ្ឋថៃចំនួន១០៣នាក់ មានស្រី៤២នាក់ ក្នុងនោះ មានអ្នកវិជ្ជាមានកូវីដ¬១៩ ចំនួន៣៤ ស្រី១២នាក់។ វិធីប្រគល់និងទទួលនេះ ខាងភាគីកម្ពុជាមានសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោកឧត្តម សេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេស សន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំណែកភាគីថៃវិញ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ យិងខៈខៃ ឡូត អគ្គៈស្នងការរងនគរបាលជាតិទទួលការងារគ្រប់គ្រងការជួញដូរមនុស្ស រួមដំណើរដោយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន។
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ប្រាប់ថា លោកមិនអាចជម្រាប ពីទីតាំងដែលនាំពួកគេមក និងមានជាប់ពាក់ព័ន្ធករណីអ្វីខ្លះនោះទេ ព្រោះដើម្បីរក្សាការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការល្អជាមួយខាងភាគីថៃត ទៅថ្ងៃមុខទៀត។ លោកបញ្ជាក់ទៀតថា ការប្រគល់នេះគឺជាការស្នើសុំរបស់ខាងភាគីថៃតែប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពលរដ្ឋថៃដែលបញ្ចូនអោយទៅខាងភាគថៃវិញនេះ មួយចំនួនត្រូវបាន គេបញ្ជូនមកពីខេត្តពោធិ៍សាត់ និងមួយចំនួនទៀតសង្ស័យមានពាក់ព័ន្ធករណី ចាប់បង្ខាំងជម្រិតទារប្រាក់ក្នុងភូមិគ្រឹះមួយ ខណៈពួកគេមកធ្វើការ នៅកម្ពុជាដោយខុសច្បាប់ ប៉ុន្តែត្រូវបានសមត្ថកិច្ចកម្ពុជាធ្វើការសង្គ្រោះរួចនាំមកប្រគល់ជូនទៅភាគីថៃវិញ៕ ដោយ ក្តាមស្រែ