ភ្នំពេញ: រថយន្ត lexus rx300 មួយគ្រឿងបោះពួយមេឃកំពុងភ្លៀង ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយ កង់ ឯរថយន្តខ្ទេចមួយកំណាត់មុខ ទៅលេងរួច ចំណែកតៃកុងបានគេចខ្លួនបាត់។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ ១១៣ ក្នុងសង្កាត់បឹងកេងកងទី ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត lexus rx330 មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2Q-5168ធ្វើដំណើរតាមបណ្តោយផ្លូវ១១៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានឆ្លងផ្លូវព្រះសីហនុបត់ឆ្វេងដៃឆ្ពោះទិសខាងលិច ក៏ជ្រុលទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបានបាក់អស់មួយកង់ ឯរថយន្តខ្ទេចមួយកំណាត់មុខ ទៅលែងរួច។ភ្លាមនោះតៃកុងរថយន្តបានចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់