បន្ទាយមានជ័យ៖សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអាល់កុលក្លែងក្លាយ(មេតាណុល) ព្រោះវាបណ្តាលឲ្យមានមនុស្សពុលស្លាប់ ជាច្រើននាក់ ដែលកើតមាននៅខេត្តបន្ទាយមានជ័យ ដូចជាករណីពុលស្រាថ្នាំប៉ូវកម្លាំងតាំងគួយ ដែលបណ្តាលមកពីមានសារធាតុមេតាណុលខ្ពស់។ ថ្មីៗនេះ ក៏មានករណីពុលស្លាប់ចំនួន៧នាក់ទៀត ដែលជាពលករកំពុងសំរាកធ្វើចត្តាឡីស័ក្កិនៅមណ្ឌលចត្តាឡីស័ក្តិកូបធំ នៅសង្កត់និមិត្ត ក្រុងប៉ោយប៉ែត ដោយសារតែយកអាល់កុលមកលាយជាមួយភេជ្ជៈស្ទីង និងតែប៉ៃតង។ ក្រោយពីមន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យបឋមបានរកឃើញមានសារធាតុមេតាណុល និងដាក់ការសង្ស័យថា ពលករស្លាប់ដោយសារពុលមេតាណុល។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជាការឆ្លើយតបនឹងការស្លាប់មនុស្សចំនួន ៧នាក់(ស្រី១នាក់) បណ្តាលមកពីការយកអាល់កុលក្លែងក្លាយ(មេតាណុល)ទៅលាយផ្សំជាមួយភេសជ្ជៈស្ទីង និងតែបៃតង ជំនួសសុរាលក់អោយពលករចត្តាឡីស័ក្តិផឹកនៅមណ្ឌលចត្តាឡីស័ក្តិកូបធំ ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ មន្ត្រីសាខា ក.ប.ប.ខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្មខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលក្រុង បានចុះត្រួតពិនិត្យ និងដកហូតអាល់កុលក្លែងក្លាយ(មេតាណុល)នៅចំណុចភូមិកូនដំរី និងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការពន្យល់ណែនាំ ដល់អាជីវករលក់អាល់កុល និងដកហូត ផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រើប្រាស់ ដកហូតអាល់កុលក្លែងក្លាយ ១៨៦ដប និង១ពីដុង ស្មើ ១២៣លីត្រ, មីម៉ាម៉ា ៩៣កំប៉ុង, នំសូកូឡា ១២កញ្ចប់, ទឹកក្រូចចម្រុះ ៣៦ដប, ទឹកដោះគោខាប់ ១០កំប៉ុង, ទឹកម្ទេស តូច.ធំ ២៥ដប, ស្ករគ្រាប់ចម្រុះ ១.២គីឡូក្រាម, សរុបចំនួន ១៧៧រាយ ស្មើ ៧៤.៤៤គីឡូក្រាម។
លោក បញ្ជាក់ថា មន្ត្រីជំនាញ បានធ្វើណែនាំដល់អាជីវករឲ្យ ចេះមើលអាយុកាលផុតកំណត់ ការតាំងលក់ផលិតផលទំនិញគ្រប់ប្រភេទ និងខ្លឹមសារនៃប្រកាស របស់ក្រសួងពាណិជ្ជកម្មលេខ ១៨៥ ស្តីពីបទដ្ឋានព័ត៌មាន សម្រាប់អ្នកប្រើប្រាស់ ដើម្បីឱ្យអាជីវករទាំងនោះធ្វើការ កែប្រែស្របតាមពេលវេលាមួយដែលអាចទទួលយកបានដោយអនុលោមតាម ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ជាមួយនេះដែរ យើងបានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ ទំនិញល្មើសមួយទីតាំង ឱ្យបង់ប្រាក់ ពិន័យអន្តរការណ៍ ដោយសរសេរ ប័ណ្ណ បង់ប្រាក់ ផាកពិន័យចំនួន ១ច្បាប់នៅនឹងកន្លែង៕ដោយ ក្តាមស្រែ