ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងចុះពីលើស្ពានអាកាស ៧ មករាក្នុងល្បឿនលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូវបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវ ផ្លោងមកផ្លូវម្ខាងទៀតស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ចំណែកម៉ូតូដូលអូសជិត៤០ម៉ែត្រ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២១ នៅចំណុច មុខវិហាចិន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះសុភី ដូលា ភេទប្រុស អាយុ ២៨ ឆ្នាំ មានស្រុកកំណើត សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងម៉ាក kawasaki និនចារ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ1IU-8702 ចុះពីលើស្ពានអាកាស ៧ មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវហើយផ្លោងទៅម្ខាងទៀតស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ៌ម។ចំណែកម៉ូតូដួលអូសជិត ៥០ម៉ែត្រ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់