នៅក្នុងទីប្រជុំជនក្រុងនិងតាមតំបន់ឆ្នេរបាន កំពុង រៀបចំល្អស្អាតត្រៀមទទួលការបើកទេសចរណ៍ឡើងវិញ ក្នុងបំណាច់ចុងឆ្នាំ ២០២១ ខាងមុខនេះ

137

ខេត្តព្រះសីហនុ៖នៅ ចុងឆ្នាំ ២០២១ ដើមឆ្នាំ ២០២២ ខាងមុខនេះ និងបើកទទួលភ្ញៀវ ទេសចរណ៍ឡើងវិញ ជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាន ដែលរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកខេត្តព្រះសីហនុប្រារព្ធពិធី ដូចនេះហើយទើបអាជ្ញាធរខេត្តអាជ្ញាធរក្រុងមន្ទីរអង្គភាពពាក់ព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំកែលម្អសោភ័ណភាពក្រុងជាពិសេសបរិស្ថានតំបន់ឆ្នេរឱ្យបានល្អស្អាតត្រៀមទទួលភ្ញៀវក៏ដូចជាគណៈប្រតិភូមកទស្សនកិច្ចកម្សាន្តនៅក្នុងក្រុងនៃខេត្តព្រះសីហនុ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២១ នេះ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ មន្ទីរបរិស្ថាន បានដឹកនាំមន្ត្រី ក្រុមហ៊ុនប្រមូលសំរាម ចុះពិនិត្យមើលតាមតំបន់ឆ្នេរ ចាប់ពីឆ្នេរអូរឈើទាល២ ដល់ដើមឆ្នេរអូរត្រេះ១ ស្ថិតក្នុង សង្កាត់៤ ក្រុង។

ការចុះពិនិត្យមើលនេះបន្ទាប់ អាជ្ញាធរក្រុងមន្ទីរបរិស្ថាន បានដាក់ផែនការ ប្រមូលសំរាមនៅតាមតំបន់ឆ្នេរ ដោយបុគ្គលិកអនាម័យសម្អាតបរិស្ថានក្រុង បងប្អូនកម្លាំងប្រជាការពារ រួមជាមួយនឹង អាជ្ញាធរមូលដ្ឋាន ភូមិសង្កាត់ ក្រុង ដើម្បីធ្វើយ៉ាងណាឲ្យសោភ័ណភាពបរិស្ថានស្អាត នៅតាមតំបន់ឆ្នេរ ។
ក្នុងឱកាសនោះ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ លើកឡើងថា ក្រុងព្រះសីហនុគឺជាក្រុងទេសចរណ៍ដូចនេះទាមទារ ឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរ និងបណ្ដា អង្គការសង្គមស៊ីវិលផ្សេងៗចូលរួមសំអាតអនាម័យបរិស្ថានទាំងអស់គ្នាទើបធ្វើឲ្យក្រុងនិងតំបន់ឆ្នេររបស់យើងមានសោភ័ណភាពបរិស្ថានល្អស្អាត និងជាតារារះនាទិសនិរតី ។

លោកអភិបាលក្រុងក៏បានបញ្ជាក់បន្ថែមថា នៅតាមតំបន់ឆ្នេរ នាឱកាសពិធីបុណ្យធំៗក៏ដូចជាថ្ងៃ ឈប់ សម្រាកមានភ្ញៀវមកលេងច្រើន ទីតាំងសម្រាប់ដាក់ធុងសំរាម គឺមិនគ្រប់គ្រាន់ ធ្វើឱ្យអោយសំរាមនៅក្រៅធុង បង្កឲ្យបាត់សោភ័ណភាពនិងប៉ះពាល់បរិស្ថាន ខណៈពេលដែល រថយន្តប្រមូលសំរាមទៅយកមិនទាន់ ដូចនេះលោកជំរុញឲ្យក្រុមហ៊ុនប្រមូលសំរាម ដាក់ធុងធំៗនៅទីប្រជុំជនភ្ញៀវមកលេងច្រើន ដើម្បីគ្រប់គ្រងសំរាមបានល្អ នឹងដាក់ផែនការសំអាតឆ្នេរបន្ត ដើម្បីសោភណ្ឌភាព តំបន់ឆ្នេរ ត្រៀមទទួលភ្ញៀវទេសចរ បើកដំណើរការឡើងវិញមកលេងកំសាន្ត នៅបំណាច់ចុងឆ្នាំ២០២១ ខាងមុខនេះផងដែរ៕ដោយ វ៉ាន់នី