អាជីវករនៅផ្សារគុត្តសត ប្រតិកម្មខ្លាំងៗ ដែលអាជ្ញាធរស្រុកអូរជ្រៅ កាយផ្តាច់ផ្លូវបង្កការលំបាកដល់ការលក់ដូរចិញ្ចឹមជីវិតប្រចាំថ្ងៃ ក្នុងវិបត្តិកូវីដ-19

123

បន្ទាយមានជ័យ៖ ក្រុមអាជីវករលក់ដូរនៅផ្សារគុត្តសត ស្ថិតនៅភូមិយាង ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាំគ្នាលើកឡើងថា អាជ្ញាធរស្រុក ព្រោះតែចង់ឲ្យពួកគាត់ចេញពីកន្លែងលក់ចាស់ ទៅលក់នៅផ្សារឯកជនមួយកន្លែង បានប្រើប្រាស់គ្រឿងចក្រកាយផ្តាច់ផ្លូវសាធារណៈ បង្កការលំបាកដល់ការលក់ដូរបន្លែត្រីសាច់ ក្តាម ខ្យង តាមកញ្ចែងល្អី បន្តិចបន្តួចគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃចិញ្ចឹមជីវិតរបស់ពួកគាត់ក្នុងវិបត្តិ កូវីដ-19។

ក្រុមអាជីវករបានរៀបរាប់បន្តថា ចាប់តាំងពីផ្សារឯកជនផ្សារ(ផ្សារអូរជ្រៅ)ធ្វើហើយរយៈពេល03ឆ្នាំមកនេះ ពួកឈ្មួញ បានសហការជាមួយនឹងអាជ្ញាធរស្រុកអូរជ្រៅ តែងតែបញ្ចុះបញ្ចូលចង់ឲ្យពួកគាត់ទៅលក់ដូរនៅទីតាំងថ្មីនោះ ហើយពួកគាត់ក៏ធ្លាប់ទៅលក់តាមអាជ្ញាធរម្តងហើយដែរ តែលក់មិនដាច់ ថែមទាំងត្រូវបង់ថ្លៃតូបបន្ថែមទៀត លុះរត់មិនរួចក៏នាំគ្នាមកលក់នៅទីតាំងចាស់វិញ ដែលជាដីកម្មសិទ្ធិឯកជន ដែលម្ចាស់ដីអនុញ្ញាតឲ្យពួកគាត់លក់ដូរ ដោយមិនគិតថ្លៃ ព្រោះមើលឃើញថា ពលរដ្ឋក្រីក្រ លក់តាមកញ្ច្រែងល្អី គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។

ប្រជាពលរដ្ឋលើកដៃសំពះអង្វរសូមឲ្យ អាជ្ញារខេត្តបន្ទាយមានជ័យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសសូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយដោះស្រាយដល់ពួកគាត់ឲ្យបានលក់ដូរនៅទីតាំងចាស់ដដែល ដើម្បីគ្រាន់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃក្នុងវិបត្តិកូវីដ-19ផង ដោយសារគ្មានសមត្ថភាពបង់ថ្លៃតូបនៅផ្សារឯកជន ហើយនៅផ្សារឯកជនលក់ដូរមិនដាច់ដូចកន្លែងចាស់។
ដោយឡែក លោក ទូច សីហា អភិបាលរងស្រុកអូរជ្រៅ បានបញ្ជាក់តាមទូរសព្ទ កាលពីថ្ងៃទី14 ខែតុលា ឆ្នាំ2021 នេះថា ការកាយផ្តាច់ផ្លូវនេះ ដើម្បីកាយដាក់លូរំដោះទឹក និងធ្វើការរៀបចំអភិវឌ្ឍន៍នៅតំបន់នោះឲ្យមានរបៀបរៀបរយ និងមានអានាម័យបរិស្ថានល្អ។ ព្រោះប្រជាពលរដ្ឋដែលនៅសងខាង30ម៉ែត្រពីផ្លូវរថភ្លើងនៅចំណុចផ្សារខាងលើ សុទ្ធតែទទួលបានសំណងគោលនយោបាយរួចហើយ តែមិនព្រមរុះរើចេញ គិតតែពីសាងសង់ តូបឃុបឃិតគ្នាលក់បន្តបន្ទាប់។ លោក ទូច សីហា បន្តថា នៅពេលដែលបុគ្គលដែលមានដីធំ គាត់គិតតែពីសាងសង់តូប បង្កើតផ្សារអនាធិបតេយ្យ គ្មានច្បាប់ទំលាប់ គ្មានការគ្រប់គ្រងសំរាមអនាម័យបរិស្ថានឲ្យបានត្រឹមត្រូវ គិតតែយកភាស៊ីដាក់ក្នុងហោប៉ៅតែប៉ុណ្ណោះ៕ដោយ ក្តាមស្រែ