ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកាមរីហាយប៊្រីតមួយគ្រឿងបានទៅកៀររថយន្តតូយ៉ូតា ព្រូសមួយគ្រឿងបើកបរដោយបុរសជាមន្ត្រីនគរបាលម្នាក់បណ្តាលបែកកញ្ចក់ម្ខាងហើយមិនឈប់ដោះស្រាយ បែជាព្យាយាមបើករត់ កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខវត្តទឹកថ្លា តាមបណ្តាលផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់រហូតដល់មុខចំណុចផ្សារសិនជូរីរួចបើកត្រឡប់ក្រោយវិញ បន្តរហូតមកដល់ចំណុចលើស្ពានអាកាសផ្សារដីហុយ ត្រូវបានម្ចាស់ដេញតាមកាក់ជាប់បានមកវិញ។
តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បើករថយន្តតូយ៉ូតា ព្រូសពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BK-8400ចេញពីធ្វើការដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកាមរីហាយប្រ៊ីតពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Y-5571ធ្វើដំណើរមកពីក្រោយបានវ៉ាជែងក្នុងល្បឿនលឿន បានកៀរកញ្ចក់រថយន្តរបស់គាត់ខាងឆ្វេងបណ្ដាលបែករងការខូចខាត រួចមិនឈប់ដោះស្រាយនោះទេ បានព្យាយាម បើករត់រហូតទៅដល់ចំណុចមុខផ្សារសិនជូរី ហើយបន្តត្រឡប់ក្រោយមកវិញមកដល់ចំណុចលើស្ពានអាកាសផ្សារដីហុយត្រូវបានរូបគាត់កាត់ជាប់។
ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្រុះសម្រួលគ្នាបន្ទាប់មកខាងភាគីបង្កបានកក់លុយចំនួន៥០ ដុល្លារនិងទូរស័ព្ទដៃមួយគ្រឿងរងចាំថ្ងៃស្អែកទើបភាគីទាំងពីរណាត់គ្នាដើម្បីយករថយន្តមកជួសជុលអោយស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕ដោយ កុសល់