ខេត្តបន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភ វិទ្យុទាក់ទង ចំនួន 26គ្រឿង ក្នុងនោះរួមមាន៖ (វិទ្យុទាក់ទងម៉ាក Kenwood ចំនួន 05គ្រឿង វិទ្យុទាក់ទង HFចំនួន 01គ្រឿង វិទ្យុទាក់ទងកាន់ដៃ 20គ្រឿង) និងទឹកក្រូច 40កេស នំធុង 40កេស ម៉ាសចំនួន 90ប្រអប់ ដល់កងការពារព្រំដែនលេខ503 ក្នុងឱកាបុណ្យភ្ជំបិណ្ឌប្រពៃណីខ្មែរ និងដើម្បីបម្រើការងារអង្គភាព។
អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ត្រូវបានឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស នាយសេនាធិការរង នាយការិយាល័យព្រំដែនកងទ័ពជើងគោក នាំយកផ្តល់ជូនកងការពារព្រំដែនលេខ503 នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ2021នេះ។
ឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ចំពោះសុខទុក្ខ ការស់នៅបំពេញភារកិច្ចការពារបូរណៈភាពទឹកដីតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ របស់នាយ-ពលទាហាន កងការពារព្រំដែនលេខ503។
ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ503 បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម មេបញ្ជាការ កង ទ័ព ជើងគោក ចំពោះការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិនគ្រប់រូប ព្រមទាំងបានប្តេជ្ញាចិត្តថែរក្សា និងប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍អង្គភាព៕ដោយ ក្តាមស្រែ