អាជ្ញាធរប្រទេសថៃ ចាប់បញ្ជូនពលករខ្មែរជាង ១០០នាក់ មកអោយអាជ្ញាធរ ប្រទេសកម្ពុជាវិញ តាមច្រកអូរអន្លក់ខេត្តបាត់ដំបង

122

 

(បាត់ដំបង) ពលករខ្មែរប្រុសស្រី ក្មេងចាស់ជាង ១០០នាក់ ត្រូវភាគីថៃបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វើការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១
លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករខ្មែរវិលត្រឡប់មកស្រុកវិញសរុបចំនួន ១២០នាក់ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៃខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា ពលករខ្មែរដែលអាជ្ញាធរថៃបញ្ញូនមកអោយអាជ្ញាធរខ្មែរវិញនាពេលនេះសរុបមានចំនួន ១២០នាក់ ក្នុងនោះស្រី ៤៥នាក់ ,និងក្មេង ២៥នាក់ ក្នុងនោះស្រី ១៥នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័ស ដែលជាលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់ ហើយក្នុងចំណោមពលករខ្មែរសរុបចំនួន ១២០នាក់ ក្នុងនោះ ៣២នាក់មិនទាន់មានកាតចាក់វ៉ាក់សាំងត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ដោយឡែកពលករប្រុសស្រីចំនួន ៨៨នាក់ដែលមានកាតទទួលបានវ៉ាក់សាំងរួច ក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩រួចបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរាងៗវិញ៕ដោយ ភ្នំខៀវ