ស្ត្រីម្នាក់ បើករថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យបានរេចង្កូតទៅបុកចូលការ៉ាស លក់រថយន្ដបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

109

ភ្នំពេញ: ស្តី្រម្នាក់បើករថយន្ត toyota prius មួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកជាមួយនឹងម៉ូតូឌ្រីមសង់មួយគ្រឿង បណ្ដាលរេចង្កូតបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី រួចបន្តទៅបុកចូលការ៉ាសលក់រថយន្តមួយកន្លែងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ណាល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ខែធ្នូឆ្នាំ ២០២១ នៅចំណុចមុខការ៉ាស់លក់រថយន្តមួយកន្លែងតាមបណ្ដោយផ្លូវ ២០០៤ កែងនឹងផ្លូវ ឌួងងៀប ស្ថិតក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០២២ មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1AG-0552 ធ្វើដំណើរតាមបណ្តោយផ្លូវឌួងងៀប ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ ២០០៤ បានបត់ស្ដាំដៃទៅទិសខាងកើត ខណៈនោះក៏មានស្ត្រីម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BA-5467ធ្វើដំណើរតាមបណ្តោយផ្លូវ ២០០៤ទិសដៅពីលិចទៅកើតបានជ្រុលទៅបុកជាមួយម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យម៉ូតូវៀចជាពីរនិងបាក់កន្ទុយខាងក្រោយរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី រួចបន្តទៅបុកចូលការ៉ាស់លក់រថយន្ដបណ្ដាលឱ្យទ្វារដែកចំនួន ៤ទៅ ៥ផ្ទាំងរងការខូចខាតនិងរថយន្តមួយគ្រឿងដាក់តាំងលក់បណ្ដាលឱ្យបែកស្តុបនិងខូចខាតបន្តិចបន្តួច។ ភ្លាមនោះគេឃើញម្ចាស់ម៉ូតូបានរត់ពីខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុ បានឲ្យភាគីរថយន្តបង្កធ្វើការសម្រុះសម្រួលគ្នានិងភាគីម្ចាស់ការ៉ាស់រថយន្ត អស់រយៈពេលជិតមួយម៉ោង ដោយភាគីទាំងពីរ បានព្រមព្រៀងគ្នា ដោយខាងភាគីរថយន្តបង្កបានចេញសំណង៥០០ដុល្លារទៅឲ្យខាងភាគីម្ចាស់ការ៉ាស់រថយន្ត ដើម្បីបញ្ចប់រឿង ដោយឡែករថយន្តនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយ កុសល់