ជនជាតិថៃជាង60នាក់ ដែលលួចឆ្លងដែន ធ្វើការខុសច្បាប់នៅក្រុងប៉ោយប៉ែត ត្រូវចាប់បានបញ្ជូនប្រទេសខ្លួនវិញ

122

បន្ទាយមានជ័យ៖ ជនជាតិថៃជាង60នាក់ ដែលលួចឆ្លងដែនធ្វើការដោយខុសច្បាប់ នៅក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅភាគីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2021។


លោក ឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងរងនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ប្រជាជនថៃដែលសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនទៅខាងភាគីថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួនសរុប67នាក់ ស្រី24នាក់។ ដែលជនជាតិថៃទាំងនោះ គឺលួចឆ្លងដែនមកធ្វើការដោយខុសច្បាប់ ដូច្នេះសមត្ថកិច្ចកម្ពុជា មានតួនាទីចាប់បញ្ចូនពួកគាត់ចេញទៅប្រទេសគាត់វិញ ដូចថៃបញ្ជូនកម្ពុជាយើងមកដែរ។

លោកបញ្ជាក់ថា ករណីនេះ មិនមែនជាករណីចាប់បង្ខាំង និងធ្វើការជំរិតនោះទេ ជាទន្លាប់របស់ជនជាតិថៃ នៅពេលដែលគាត់មកធ្វើការបានមួយរយៈ ហើយពួកគាត់ចង់ទៅប្រទេសខ្លួនវិញ និងពិបាកក្នុងការឆ្លងដែនដោយខុសច្បាប់ ហើយដើម្បីបង្កលក្ខណៈងាយស្រួល ពួកគាត់ត្រូវរកវិធីមួយប្តឹងទៅសមត្ថកិច្ច ឬក៏ស្ថានទូតឲ្យជួយអន្តរាគមន៍ចាប់បញ្ចូនពួកគាត់ទៅប្រទេសខ្លួនវិញ ដោយមិនចាំបាច់ចំណាយប្រាក់។

លោកបញ្ជាក់ថាបន្ថែមថា ប្រជាជនថៃចំនួន67នាក់ដែលសមត្ថកិច្ច ចាប់បញ្ជូនទៅកាន់ប្រទេសថៃវិញនេះ លួចសំងំធ្វើការនៅតាមអាគារជួលចំនួន4កន្លែង នៅក្នុងក្រុងប៉ោយប៉ែត និងជនជាតិថៃមួយចំនួនទៀតចាប់មកពីរាជធានីភ្នំពេញ៕ដោយ ក្តាមស្រែ