ជនសង្ស័យសម្លាប់មន្ដ្រីរដ្ឋបាលព្រៃឈើនៅខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ គឺជាកូនឈ្នួលជនរងគ្រោះ

114

ពោធិ៍សាត់៖ ករណីឃាតកម្មលើមន្ត្រីរដ្ឋបាលព្រៃឈើប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវបានដាក់ការសង្ស័យលើកូនឈ្នួលរបស់គាត់ គឺ ឈ្មោះ រឿន រ៉ូ ភេទប្រុស ដែលធ្វើការជាមួយជនរងគ្រោះ មានទីលំនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីរត់គេចខ្លួនបានប៉ុន្មានថ្ងៃ បន្ទាប់ពីធ្វើសកម្មភាពរួច។

យោងតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនដៃដល់ត្រូវកម្លាំងជំនាញចាប់ខ្លួន នៅចំណុចវត្តកែវឧត្តម(វត្តកណ្ដាល) ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងករណីនេះ ឃាតកបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះចំនួន ៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមលើគ្រែ នៅស្នាក់ការរដ្ឋបាលព្រៃឈើប្រម៉ោយ ត្រង់ចំណុចទួលគ្រួស ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានប្រមូលសម្ភារ ម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ១គ្រឿង ពាក់ផ្លាកលេខ ពោធិ៍សាត់ 1I-9761, ទូរស័ព្ទដៃ iPhone ៣គ្រឿង និងចិញ្ចៀនពេជ្រ ១វង់ រត់គេចខ្លួនបាត់ស្រមោល។ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានឈានដល់ការចាប់ខ្លួនជនសង្ស័យជាកូនឈ្នួលរូបនេះ។ បច្ចុប្បន្ន សមត្ថកិច្ច បាននិងកំពុងនាំខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕ដោយ ឆាយ តារា