បន្ទាយមានជ័យ៖ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាល រួមនឹងតំណាងអង្គការ(IOM) កាលពីរសៀលថ្ងៃទី25ខែ តុលា ឆ្នាំ 2021 ម្សិលមិញ បានចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ដើម្បីត្រៀមបង្រួមមណ្ឌលតែមួយសម្រាប់បងប្អូនពលករដែលវិលត្រលប់មកពីប្រទេសថៃ ដោយជំហានដំបូងធ្វើការបង្រួមមណ្ឌលចត្តាឡីស័កណាដែលមានបងប្អូនពលករតិច បញ្ជូនទៅមណ្ឌលចត្តាឡីស័កដែលនៅជិតដើម្បីរៀបចំសាលារៀនផ្តល់ជូនសិស្សានុសិស្សបានសិក្សាឡើវិញបន្ទាប់ពីសាលានឹងត្រូវបើកឡើងវិញជាបណ្តើរៗ។
លោកស្រី រស់ សុផានី បានប្រសាសន៍ថា៖ គិតត្រឹម ល្ងាចថ្ងៃទី25 ខែតុលា ឆ្នាំ2021 បងប្អូនពលករដែលកំពុងស្នាក់នៅក្នុងមណ្ឌលមានចំនួន 2,013នាក់/ស្រី 848នាក់។ លោកស្រីបន្តថា៖ ជាមួយការបង្រួមមណ្ឌលចត្តាឡីស័កតែមួយនេះដែរ អាជ្ញាធរខេត្តក៏បានកំពុងតែរៀបចំមណ្ឌលចត្តាឡីស័ក សម្រាប់ដាក់បងប្អូនពលករឱ្យនៅតែមួយកន្លែង ដែលអាចទទួលបងប្អូនពលករបានប្រមាណ2,400នាក់ ដែលមានទីតាំងស្ថិតនៅសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ដែលដំណើរការនៃការរៀបចំមណ្ឌលថ្មីខាងលើជិតរួចរាល់100ភាគរយហើយ យ៉ាងយូរអាច ដើមខែវិច្ឆិកានេះ និងរួចរាល់ទាំងស្រុង។
លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលក៏បានឱ្យដឹងដែរថា៖ សម្រាប់បងប្អូនពលរដ្ឋដែលត្រលប់មកពីប្រទេសថៃ ហើយបញ្ចប់ការធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលគឺត្រូវបានចាក់វ៉ាក់សាំងជូននៅតាមមណ្ឌល ប៉ុន្តែការវ៉ាក់សាំងនេះសម្រាប់តែបងប្អូនពលកររស់នៅក្នុងខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ដោយឡែកសម្រាប់ពលករនៅក្រៅខេត្ត ក្រុមការងារ ចាក់វ៉ាក់សាំងជូនដូសទី1 ហើយសម្រាប់ដូសទី2 គឺត្រូវចាក់តាមខេត្តរបស់ខ្លួនរៀងៗខ្លួន។
ជាមួយនោះលោកក៏បានបញ្ជាក់បន្ថែមថា៖ ចំពោះអ្នកមិនទាន់បានចាក់វ៉ាក់សាំង គឺអាចទៅចាក់តាមមន្ទីរពេទ្យដែលអាជ្ញាធរបានកំណត់ មួយវិញទៀតក្រុមការ នឹងតាមដានចុះចាក់តាមមូលដ្ឋានសម្រាប់មនុស្សចាស់ ជនពិការក្រុមគ្រូពេទ្យ និងចុះចាក់ដល់ផ្ទះជូនពួកគាត់តែម្តង៕ដោយ ក្តាមស្រែ