ឆេះផ្ទះឆ្នៃពីទូកុងតឺន័រ ជាប់ផ្លូវថៃហ្គរ ផ្អើលសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាំងយប់

163

 

ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះឆ្នៃពីទូកុងតឺន័រដ៏ធំ ដែលនៅជាប់ផ្លូវថៃហ្គរ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទិត្យ ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបប បុកគ្រិះ ។

តាមសម្ដីបុរសជាម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកេីតហេតុ រូបគាត់និងប្រពន្ធកូន បានសម្រាកក្នុងផ្ទះដូចសព្វដង ។ ក្រោយមកស្រាប់តែមានផ្សែងហុយពីខាងក្រៅផ្ទះ រួចគាត់ក៏ចេញមកមេីលស្រាប់តែភ្លេីងឆាបឆេះសម្ភារៈមួយចំនួន ទេីបបុរសជាម្ចាស់ផ្ទះបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ចំនួន៣បំពង់ តែមិនរលត់ ក៏ទាក់ទងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាមៗ រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿង និងមានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងទៀតរបស់ក្រុមហ៊ុនបុរីប៉េងហួត ចុះមកជួយបាញ់ទឹកពន្លត់ដែរ តែក្នុងករណីអគ្គីភ័យខាងលេីនេះ អាជ្ញធរមូលដ្ឋានបានប្រេីពេលតែកន្លះម៉ោង និងប្រេីប្រាស់ទឹកតែ១ឡានប៉ុណ្ណោះ ក៏រលត់ទៅវិញជាស្ថាពរ ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងដែរថា មូលហេតុនៃការឆាបឆេះនោះគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហេីយបានបាត់បង់សម្ភារៈមានតម្លៃជាច្រេីន សរុបជាទឹកប្រាក់ជិត១មុឺនដូល្លារ ៕ដោយ កុសល់