ព្រះសីហនុ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញប្រគល់រង្វាន់ជ័យលាភីមាសសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងសម្ពោធសួនជីវៈចម្រុះ សួនព្រឹទ្ធាចារ្យ ជុំ ហ៊ល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងតារាងប៉េតង់ ស្ថិតនៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី ១៧ ខែកញ្ញា។
ក្នុងឱកាសនោះ លោក សាយ សំអាល់ បានថ្លែងការកោតសរសើរចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៅវិទ្យាល័យហ៊ុន សែន មិត្តភាព ដែលបានខិតខំប្រឹងប្រែងថែរក្សាការពារបរិស្ថានរហូតទទួលបានជ័យលាភីមាសសាលាមេត្រីបរិស្ថានឆ្នាំ២០២១ ពីក្រសួងបរិស្ថាន លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រលាញ់បរិស្ថាន និងជំរុញប្រតិបត្តិការមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប មាននិរន្តរភាព និងការរស់នៅដោយចីរភាព ។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ទទួលបានមេដាយមាស និងទទួលបានរង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថាននាពេលនេះ ជាចំណែកមួយក្នុងការគាំពារបរិស្ថាន ដើម្បីចូលរួមប្រកួតប្រជែង ព្រោះសាលាជាថ្នាលបណ្តុះនូវចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្ស ភាសា កីឡា ដើម្បីប្រែក្លាយធនធានសិស្សានុសិស្ស ឱ្យស្របតាមការវិវឌ្ឍនៃសង្គមរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ បង្កើតបានអ្នកធុរកិច្ចកាន់តែច្រើននាពេលខាងមុខ៕ដោយ តារា