ភរិយាឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ មិនអនុវត្តតាមសាលដីកាតុលាការកំពូល ក្រោយចាញ់ក្តីឧកញ៉ា តែ តាំងប៉ រឿងដីធ្លី

148

ព្រះសីហនុ៖ លោកឧកញ៉ា តែ តាំងប៉ បានស្វែងរកការអន្តរាគមន៍ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ករណីលោកកំពុងមានជម្លោះដីធ្លី ជាមួយភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោះស្រាយពុំចេញ។ យោងលើការបំភ្លឺមួយ របស់លោកឧកញ៉ា តែ តាំងប៉ ដែលបានទម្លាយចេញជាសាធារណៈ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ បានឲ្យដឹងថា កាលពីឆ្នាំ១៩៩៧ លោកឧកញ៉ា និងលោក យ៉ែម កុសល ដែលមានភាគហ៊ុនជាមួយគ្នា បានទិញដីទំហំ១០៣ហិចតា ពីឯកឧត្តម ងួន យោង ដែលកាលនោះគាត់ជាមេបញ្ជាការរងអង្គភាពមូលដ្ឋានកងទ័ពជើងទឹករាម ដោយមានការឯកភាពពីលោកឧត្តមនាវីឯក អ៊ុក សីហា ផងដែរ សរុបចំនួន២២ប័ណ្ណ ដែលស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ហើយនៅឆ្នាំ២០០៧ លោកក៏បានទិញដីចំនួន១៧ហិចតា ៣០០៥ម៉ែត្រក្រឡា បន្ថែមទៀត ពីអង្គភាពមូលដ្ឋានកងទ័ពជើងទឹករាម ហើយក៏បានស្នើរសុំធ្វើប្លង់កម្មសិទ្ធិ ដោយមានការបញ្ជាក់ទទួលស្គាល់ ពីលោកឧត្តមនាវីត្រី ហ៊ីង ពុធដារ៉ា ជាតំណាងបញ្ជាការដ្ឋានកងទ័ពជើងទឹករាម។

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០០៧ ស្រាប់តែមានវត្តមាន លោកស្រី ដាញ់ ផល្លី និងលោកឧត្តមនាវីឯក អ៊ុក សីហា បញ្ជាឲ្យកងកម្លាំងក្រោមឱវាទ ឈូសឆាយរំលោភបំពានលើដីកម្មសិទ្ធិទាំងនោះ ហើយក្រោយមកទៀតលោកឧកញ៉ាក៏បានស្វែងរក តុចរចារគ្នា ដោយបានប្រគល់ទឹកប្រាក់ចំនួន ១២៣,៥០០$ (ដប់ពីរម៉ឺនបីពាន់ប្រាំរយ) ដុល្លា ជាថ្នូរនឹងព្រមព្រៀងបញ្ឈប់សកម្មភាពឈូសឆាយ។ លោកឧកញ៉ា តែ តាំងប៉ បានបន្ថែមទៀតថា នៅឆ្នាំ២០១០ លោកស្រី ដាញ់ ផល្លី ភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា បានបន្តសកម្មភាពឈូសឆាយលើដីរបស់លោកដដែល បើទោះមានពាក្យបណ្តឹងហាមឃាត់ ជាច្រើនលើកហើយក៏ដោយ។ ហើយកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ លោកឧត្តមនាវីឯក អ៊ុក សីហា និងភរិយា បានប្រើប្រាស់កងកម្លាំង ទៅវាយកម្ទេចរបង និងឈូសឆាយដីរបស់លោកសារជាថ្មីទៀត នៅលើដីចំនួន៤ប័ណ្ណ គឺខាងកន្ទុយប័ណ្ណចំនួន ១៧,០៥៥ ម៉ែត្រក្រឡា និងចំនុចចម្ការស្វាយចន្ទីចំនួន ៣៣,៦១៩ ម៉ែត្រក្រឡា ហើយក៏បានប្តឹងលោកថែមទៀត និងបានបង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ចចេញប័ណ្ណសម្គាល់សិទ្ធិថ្មី និងបញ្ឈប់មិនឲ្យលោកប្រើប្រាស់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន៤សន្លឹកទៀតផង។

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ទៀតថា លោកបានដាក់ពាក្យបណ្តឹងតប នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីសុំបដិសេធទាំងស្រុងលើការទាមទាររបស់លោកស្រី ដាញ់ ផល្លី ភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា។ ហើយបើទោះបីជាមានការប្តឹងទាមទារយ៉ាងណាក៏ដោយ នៅឆ្នាំ២០១៥ លោកក៏បានឈ្នះក្តីលើលោកស្រី ដាញ់ ផល្លី តាមសាលក្រមរដ្ឋប្បវេណីលេខ០៥(ខ) ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តព្រះសីហនុ ដោយតុលាការសម្រេចច្រានចោលការទាមទាររបស់លោកស្រី ដាញ់ ផល្លី លើគ្រប់ចំណុច និងបានបង្គាប់ឲ្យដើមចោទឈ្មោះ ដាញ់ ផល្លី រុះរើរបង និងសំណង់ផ្សេងៗ ដែលសង់នៅលើដីរបស់ចុងចម្លើយចេញឲ្យអស់ ព្រមទាំងសងជាជំងឺ និងការខូចខាតពេលវេលា ចំនួន៤០,០០០,០០០ (សែសិបលាន) រៀលផងដែរ។ ក៏ប៉ុន្តែសេចក្តីសម្រេចរបស់តុលាការនេះ ត្រូវបានលោកស្រី ដាញ់ ផល្លី មិនសុខចិត្ត និងបានប្តឹងឧទ្ធរណ៍លើសាលក្រមនេះ។ យ៉ាងណាក៏ដោយ ការប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះ ក៏ត្រូវបានសាលាឧទ្ធរណ៍ សម្រេចច្រានចោលពាក្យបណ្តឹងរបស់លោកស្រី ដាញ់ ផល្លី តាមសាលដីកាលេខ៣៩ ក្រIII “ឃ” ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ និងបានសម្រេចតម្កល់សាលក្រមរដ្ឋប្បវេណីលេខ០៥(ខ) ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តព្រះសីហនុ ទុកជាបានការដដែល។ ក្រោយមានការចាញ់ក្តីនៅសាលាឧទ្ធរណ៍ លោកស្រី ដាញ់ ផល្លី ក៏បានដាក់ពាក្យបណ្តឹងសារទុក្ខ ទៅកាន់តុលាការកំពូលបន្ថែមទៀត ដើម្បីជំនាស់នឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ហើយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តុលាការកំពូល បានសម្រេចសេចក្តីតាមសាលដីការដ្ឋប្បវេណីលេខ៧១(ណ) សម្រេចឲ្យលោកស្រី ដាញ់ ផល្លី ប្រគល់អចលនវត្ថុទំហំ ១៧.០៥៥,៨៥៨ (មួយម៉ឺនប្រាំពីរពាន់ហាសិបប្រាំ ក្បៀសប្រាំបីរយហាសិបប្រាំបី) ម៉ែត្រក្រឡា ស្ថិតនៅកន្ទុយដី និងទំហំ៣៣.៦១៩,០០៨ (បីម៉ឺនបីពាន់ប្រាំមួយរយដប់ប្រាំបួន ក្បៀសសូន្យសូន្យប្រាំបី) ម៉ែត្រក្រឡា ស្ថិតនៅចម្ការស្វាយចន្ទីក្នុងដីទាំង៤ប័ណ្ណ មានលេខ ០៣៨២, លេខ០៣៦៩, លេខ០៣៨៥ និងលេខ ០៣៧៦ ផ្ទេរទៅប័ណ្ណ ០៥៨៨ ដែលមានទីតាំងស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឲ្យទៅឧកញ៉ា តែ តាំងប៉ វិញ និងបង្គាប់ឲ្យលោកស្រី ដាញ់ ផល្លី រុះរើរបង និងសំណង់ផ្សេងៗដែលបានសង់លើដីចេញទាំងអស់។

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពេលសាលដីកានេះចូលជាស្ថាពរ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោកក៏បានដាក់ពាក្យសុំអនុវត្តសាលដីកាស្ថាពរ ហើយចៅក្រមនៃតុលាការអនុវត្ត បានចេញដីកាសម្រេចអនុវត្តជំនួសលេខ ២៧១ ត.រ/២១ ដោយឲ្យមន្ត្រីអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ អនុវត្តតាមខ្លឹមសារសាលដីការដ្ឋប្បវេណីលេខ ៧១ ណ របស់តុលាការកំពូល។ បើទោះបីជាមានសាលដីកា របស់តុលាការកំពូលយ៉ាងនេះក្តី ក៏លោកស្រី ដាញ់ ផល្លី នៅតែមិនព្រមអនុវត្តតាម ហើយនៅថ្ងៃទី១៧ ,ទី២១ ខែមករា និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ លោកស្រី ដាញ់ ផល្លី នៅតែបន្តសកម្មភាព ឈូសឆាយលើដីដែលបានចេញក្តីតុលាការនោះដដែល។ យ៉ាងណាក៏ដោយ ក្រោយមានវិវាទដីធ្លីដ៏ចម្រូងចម្រាស ជាមួយគ្រួសារមន្ត្រីមានអំណាចបែបនេះ លោកឧកញ៉ា តែ តាំងប៉ ក៏បានស្វែងរកជំនួយ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីជួយអន្តរាគមន៍ទៅសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជួយដោះស្រាយពីបញ្ហានេះ។

ពាក់ព័ន្ធនឹងសំណុំរឿងដ៏ក្តៅគកុកមួយនេះដែរ អង្គភាពយើងមិនទាន់អាចសុំការ បកស្រាយបំភ្លឺពីលោកស្រី ដាញ់ ផល្លី ដែលជាភរិយាលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បាននៅឡើយទេ ដោយសារពុំមានលេខទំនាក់ទំនង តែយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៤ និងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានចេញលិខិតបំភ្លឺចំនួន២លើក ឆ្លើយតបទៅកាន់លោកឧកញ៉ា តែ តាំងប៉ និងសាធារណៈជនថា ដីចំនួន១០៣ហិចតា និង១៧ហិចតា របស់ឧកញ៉ា តែ តាំងប៉ គឺស្ថិតក្នុងដីចំនួន១២០០ហិចតា ជាទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងដោយក្រសួងការពារជាតិ ដែលបានប្រគល់ជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ។ លិខិតបំភ្លឺដដែលបានលើកឡើងថា ការផ្សព្វផ្សាយចេញជាសាធារណៈរបស់លោកឧកញ៉ា តែ តាំងប៉ គឺជាចេតនាបំផ្លាញកិត្តយស និងសេចក្តីថ្លៃថ្នូរ របស់លោកឧត្តមនាវីឯក អ៊ុក សីហា និងក្រុមគ្រួសាររបស់កងទ័ពជើងទឹក៕ រូបភាព និងអត្ថបទ៖ វ៉ាន់នី