ខេត្តព្រះសីហនុ ៖ នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចកាត់ខ្សែរភ្លើងមួយករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ជាអ្នកលួច និង០១នាក់ ជាអ្នកទទួលផលចោរកម្ម។
សុំបញ្ជាក់ថា នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២៣ និង ៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវ ដល់ចំណុចផ្លូវក្រោយសាលាក្តីសង្ឃឹម ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យចំនួន ០៣នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក WAVE ពណ៌ក្រហម ស្លាកលេខៈ កំពង់ចាម 1A-0754 កំពុងធ្វើសកម្មភាព យកខ្សែភ្លើងកាត់ជាកំណាត់ជាច្រើនដើម ចេញពីអាគារមួយទុកចោលមួយ ភ្លាមនោះកម្លាំងសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០៣នាក់ តែម្តង ។
ជនរងគ្រោះមានឈ្មោះ SHI LANG ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរ រកស៊ី មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ ម៉ាន់ បូរី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
២-ឈ្មោះ សេង សំណាង ហៅ កន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៣-ឈ្មោះ សេង សុភក្រ្ត ហៅ ក្តាម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន ៖
-ខ្សែរភ្លើងកំណត់ខ្លីៗ ចំនួន ៧៣ដើម (ផលនៃអំពើលួច)
-កន្ត្រៃកាត់ដែក ០២ “តូច១ ,ធំ១” (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-សោរសំរាប់ដោះខ្ចៅ ចំនួន ០២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-ម៉ូតូ ០១គ្រឿង ម៉ាក WAVE ពណ៌ក្រហម ស្លាកលេខៈ កំពង់ចាម 1A-0754 (មធ្យោបាយជិះធ្វើសកម្មភាព) ។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពួកគេបានធ្វើសកម្មភាព លួចកាត់យកខ្សែរភ្លើងជាច្រើនលើក ហើយខ្សែរភ្លើងដែលពួកគេលួចបាន យកទៅលក់ឲ្យស្ត្រីជនជាតិវៀតណាមម្នាក់ ដែលជាថៅកែទិញ-លក់អេតចាយ នៅឃ្លាំងលើ (ទល់មុខកន្លែងចាក់សំរាម) ស្ថិតនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទើបកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងទិញ-លក់អេតចាយ នៅឃ្លាំងលើនេះ ហើយធ្វើការឃាត់ខ្លួនបានម្ចាស់ទីតាំងដែលជាស្ត្រីជនជាតិវៀតណាម (ចេះខ្មែរ) និងធ្វើការដកហូតបានវត្ថុតាង ស្ពាន់ខ្សែរភ្លើង ចំនួន ២២គីឡូក្រាម (ជាផលនៃអំពើចោរកម្ម) ។
ជនសង្ស័យដែលទទួលទិញផលចោរកម្មមានឈ្មោះ ផាន់ ស៊ឹម ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ ថៅកែទិញ-លក់អេតចាយ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពញរះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ដោយ វ៉ាន់នី