ការិយាល័យសាធារណៈការ អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងចុះធ្វើការអប់រំណែនាំដល់តំណាងម្ចាស់អាជីវកម្មចំនួន ២ទីតាំងស្តីពីពេលវេលាដែលត្រូវបញ្ចេញសំរាម

122

 

ខេត្តព្រះសីហនុ៖លោក ជួប សីហា ប្រធានការិយាល័យសាធារណៈការ អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង តំណាងឱ្យ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុបានដឹកនាំក្រុមការងារសាលាក្រុងនិងមានការចូលរួមពីមន្រ្តីបរិស្ថាន មន្រ្តីសាធារណៈការ និងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម KSWMផងដែររួមគ្នាចុះធ្វើការអប់រំណែនាំដល់តំណាងម្ចាស់អាជីវកម្មចំនួន ២ទីតាំង ដែលមិនគោរពតាមខិតប័ណ្ណព័ត៌មាន ស្តីពីពេលវេលាដែលត្រូវបញ្ចេញសំរាម និងពេលវេលាដែលក្រុមហ៊ុនទៅប្រមូល និងដឹកជញ្ជូនសំរាម ព្រមទាំងមិនបានភ្ជាប់សេវាប្រមូលសំរាមរបស់ក្រុមហ៊ុន KSWM។

កាលពីព្រឹកថ្ងៃច័ន្ទទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះជុំវិញក្នុងការចុះណែនាំខាងលើនេះលោក ជួប សីលា បានបញ្ជាក់ថា ពេលវេលាដែលត្រូវបញ្ចេញសំរាម និងពេលវេលាដែលក្រុមហ៊ុនទៅប្រមូល និងដឹកជញ្ជូនសំរាម ក្នុងក្រុងព្រះសីហនុ មានចំនួន ៤៧ខ្សែ ដោយក្នុងនោះផ្លូវចំនួន ២៧ខ្សែ គឺ (មានប័ណ្ណសម្គាល់ពណ៌ក្រហម) ប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៨ព្រឹក។ រីឯផ្លូវចំនួន ២០ខ្សែទៀត គឺ(មានប័ណ្ណសម្គាល់ពណ៌ខៀវ) គឺប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង១០ព្រឹក។

លោកបន្តថា ក្នុងករណីដែលប្រជាពលរដ្ឋបញ្ចេញសំរាមខុសពេលវេលា ដែលបានកំណត់នៅក្នុងប័ណ្ណព័ត៌មានទាំង ២ពណ៌នេះ នឹងត្រូវផាកពិន័យជាប្រាក់ចាប់ពី ២ម៉ឺនរៀល ដល់៤០ម៉ឺនរៀល (យោងតាមអនុក្រឹត្យលេខ ១១៣)។ ដោយឡែកក្នុងករណីដែលក្រុមហ៊ុន មិនបានទៅប្រមូល និងដឹកជញ្ជូនសំរាមតាមពេលវេលា ដែលបានកំណត់ក្នុងប័ណ្ណព័ត៌មានទាំង ២ពណ៌នេះ ក្រុមហ៊ុននឹងត្រូវទទួលការពិន័យដូចមានចែងក្នុងកិច្ចសន្យារបស់រដ្ឋបាលក្រុងព្រះសីហនុ៕

បន្ថែមលើនេះ ចំពោះក្រុមហ៊ុនណាដែលនៅតែមិនគោរពតាមគោលការណែនាំរបស់អាជ្ញាធរក្រុង ដូចជាអាជ្ញាធរខេត្តទេ យើងនឹងដាក់ពិន័យតាមគោលការណ៍ និងបិទក្រុមហ៊ុននោះតែម្តង៕ ដោយ វ៉ាន់ នី